ការមានសម្រស់ ទ្រព្យសម្បត្តិ អំណាច សេចក្តីស្រឡាញ់ ទំនាក់ទំនងប្តីប្រពន្ធ និងមានការសប្បាយ គឺសុទ្ធតែជាការគាប់ប្រសើរ តែមិនមែនជាការគាប់ប្រសើរបំផុតឡើយ។ ការដែលគាប់ប្រសើរបំផុតនោះ គឺការស្រឡាញ់ព្រះ ការទទួលសេចក្តីស្រឡាញ់របស់ទ្រង់ ដោយថ្វាយសិរីល្អដល់ព្រះនាមទ្រង់ និងធ្វើជាមិត្តសំឡាញ់របស់ទ្រង់ អស់មួយជីវិត។ កាលណាយើងធ្វើដូចនេះ យើងនឹងមានជីវិតដ៏ប្រសើរបំផុត ព្រោះការនេះធ្វើឲ្យយើងស្កប់ចិត្ត និងមានអំណរ ក្នុងពេលបច្ចុប្បន្ន(យ៉ូហាន ១០:១០) នោះហើយជាការអ្វីដែលគ្រីស្ទបរិស័ទត្រូវអនុវត្តជារៀងរហូត។
ហេតុនេះហើយ បានជាយើងគួរតែចំណាយពេលជាមួយព្រះ ហើយសម្រាកក្នុងសេចក្តីស្រឡាញ់ទ្រង់ គឺសេចក្តីស្រឡាញ់ដែលបានបង្កើតយើងរាល់គ្នាមក។ នេះជាមូលហេតុដែលព្រះបានបង្កើតយើងមក ឲ្យមានវត្តមានក្នុងលោកិយនេះ ហើយក៏ជាមធ្យោបាយ ដែលធ្វើឲ្យជីវិតយើងមានប្រយោជន៍បំផុត។
ខ្ញុំចូលចិត្តបទគម្ពីរទំនុកដំកើង ដែលបានចែងថា “ដែលទូលបង្គំចូលទៅជិតព្រះ នោះជាការល្អដល់ទូលបង្គំ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ាទុកជាទីពឹងហើយ ដើម្បីឲ្យបានថ្លែងប្រាប់ពីអស់ទាំងការរបស់ទ្រង់”(ទំនុកដំកើង ៧៣:២៨)។ បានសេចក្តីថា យើងរស់នៅបានល្អ តែនៅពេលដែលយើងបានចូលទៅជិតព្រះ ដែលប្រទាននូវសេចក្តីស្រឡាញ់ដ៏អស្ចារ្យ ដែលគ្មាននរណាអាចធ្វើឲ្យដូចទ្រង់ឡើយ។
តើយើងអាច “ចូលទៅជិត” ទ្រង់ ដោយរបៀបណា? ខ្ញុំសូមជម្រាបជូន អំពីរបៀបដែលខ្ញុំបានចូលទៅជិតទ្រង់ ដែលខ្ញុំបានចាប់ផ្តើមអនុវត្ត អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលមានដូចតទៅ : ខ្ញុំបានចំណាយពេលពីរបីនាទី ជារៀងរាល់ពេលព្រឹក ដើម្បីអានបទគម្ពីរមួយចំនួន ក្នុងព្រះគម្ពីរដំណឹងល្អ(ដែលមានដូចជា ព្រះគម្ពីរម៉ាថាយ ម៉ាកុស លូកា យ៉ូហាន) ហើយកត់ត្រាទុក អំពីព្រះបន្ទូល ដែលព្រះយេស៊ូវបានមានបន្ទូល និងបានធ្វើ។ និយាយរួម យើងត្រូវដឹងថា ទ្រង់បានយាងមក ដើម្បីបង្ហាញឲ្យយើងដឹងថា ទ្រង់មានលក្ខណៈដូចម្តេចខ្លះ(ហេព្រើ ១:១-៣)។ ចូរគិតថា អ្នកកំពុងស្ថិត នៅក្នុងសាច់រឿងក្នុងព្រះគម្ពីរ។ ឧទាហរណ៍ អ្នកអាចស្រមៃថា អ្នកគឺជាបុរសឃ្លង់ ដែលព្រះយេស៊ូវបានប្រោសឲ្យជា ដោយសារព្រះហស្តទ្រង់បានពាល់អ្នក ដោយសេចក្តីស្រឡាញ់(ម៉ាកុស ១:៤០-៤៥)។ ចូរគិត អំពីទំហុំនៃសេចក្តីស្រឡាញ់ ដែលទ្រង់មានចំពោះអ្នក ហើយអរព្រះគុណទ្រង់ចុះ!–David Roper