មុនពេលបុណ្យណូអែល កាលពីឆ្នាំមួយនោះ អ្នកស្រីគីម បានទៅពេទ្យុ។ គ្រូពេទ្យក៏ពិនិត្យឃើញមានជំងឺមហារីកគ្រាប់ឈាម ហើយក៏ប្រាប់ថា ត្រូវព្យាបាលជាបន្ទាន់។ ពីរបីសប្តាហ៍មុនពេលទទួលដំណឹងនេះ នាងបានប្រាប់មិត្តភ័ក្ររបស់នាង អំពីការដែលនាងមានពរ និងការស្កប់ចិត្តជាខ្លាំងនៅក្នុងគ្រួសារ ដែលមានក្តីស្រឡាញ់ និងមានផ្ទះដ៏កក់ក្តៅមួយ ហើយទើបតែបានចៅប្រុសមួយផង។ ពេលមិត្តសំឡាញ់របស់ខ្ញុំម្នាក់នេះចូលមន្ទីរពេទ្យ នាងបានទូលសូមឲ្យព្រះយេស៊ូវបង្ហាញវត្តមានព្រះអង្គ ហើយគង់នៅជិតនាង។
បន្ទាប់ពីការព្យាបាលបានប្រាំពីរខែមក ជំងឺរបស់នាងចាប់ផ្តើមធូរស្បើយជាបណ្តើរៗ។ នាងហៅពេលនោះថា “ពេលសម្រាកទាំងបង្ខំ”។ នាងមានប្រសាសន៍ថា នាងបានចាប់ផ្តើមរៀនបន្ថយល្បឿន ឆែកពិនិត្យមើលខ្លួនឯង យ៉ាងស្ងាត់ស្ងៀម ហើយសម្រាកក្នុងសេចក្តីល្អ ក្តីស្រឡាញ់ និងផែនការដ៏ល្អឥតខ្ចោះរបស់ព្រះ ដោយលែងខ្វល់ ថាតើនាងនឹងបានជាសះស្បើយឬយ៉ាងណានោះឡើយ។ អ្នកស្រីគីមក៏បានរកឃើញថា ព្រះបន្ទូលដែលព្រះបានសន្យានឹងរាស្ត្រអ៊ីស្រាអែល ក៏ជាព្រះបន្ទូលដែលទ្រង់កំពុងតែមានមកកាន់នាងផងដែរថា ព្រះអម្ចាស់ដ៏ជាព្រះនៃឯង ទ្រង់នឹងជួយសង្រ្គោះ ទ្រង់នឹងមានសេចក្តីរីករាយអរសប្បាយ ចំពោះឯង ទ្រង់នឹងឲ្យឯងសម្រាក ក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ ក៏នឹងអរសប្បាយនឹងឯង ដោយសម្លេងច្រៀង (សេផានា ៣:១៧)។
ក្រោយមក ជម្ងឺរបស់នាង បានស្ថិតក្នុងដំណាក់កាលដែលអាចគ្រង់គ្រងបាន បន្ទាប់ពីនាងបានឆ្លងកាត់ការធ្វើដំណើរ ដែលបានធ្វើជីវិតនាងមានភាពល្អប្រសើរឡើង។ ឥឡូវនេះ នាងបានត្រឡប់ទៅរកភាពមមាញឹកនោះវិញទៀត តែនាងច្រើនតែឈប់បង្អង់ ដើម្បីរៀនសូត្រឡើងវិញ អំពី “ការសម្រាក ទាំងបង្ខំ”។
ទោះជាយើងកំពុងមានភាពសុខស្រួល ឬមានការពិបាកក្តី យើងចាំបាច់ត្រូវចូលមកជិតព្រះទ័យស្រឡាញ់របស់ព្រះ ដើម្បីស្តាប់ព្រះសូរសៀងព្រះអង្គ ហើយថ្វាយជីវិតយើងដាច់ ក្នុងព្រះហស្តទ្រង់។–David McCasland