មានពេលមួយ យើងបានឈរតម្រង់ជួរនៅហាងលក់ការ៉េមមួយ។ ខ្ញុំក៏បានកត់សម្គាល់បុរសម្នាក់។ នៅលើផ្ទៃមុខគាត់មានពេញទៅដោយស្លាកស្នាម កើតចេញពីការវ៉ៃតប់គ្នា ហើយខ្នង់ច្រមុះគាត់ក៏វៀច ហើយមានសម្លាកខ្លះៗផង។ សម្លៀកបំពាក់គាត់មិនមានប្រឡាក់អ្វីទេ តែមានសភាពញក់ញី។ ពេលនោះខ្ញុំកំពុងឈរ នៅក្នុងជួរ ដោយមានគាត់ឈរខាងក្រោយ ហើយកូនៗរបស់ខ្ញុំឈរខាងមុខ។
ពេលដែលគាត់និយាយមកកាន់ខ្ញុំជាលើកទីមួយ ខ្ញុំស្តាប់ឮមិនច្បាស់ទេ បានជាខ្ញុំគ្រាន់តែងក់ក្បាលប៉ុណ្ណោះ។ ខ្ញុំមិនបានមើលចំភ្នែកគាត់ទេ។ ពេលនោះ ភរិយារបស់ខ្ញុំ មិនបានមកជាមួយខ្ញុំទេ បានជាគាត់ស្មានថា ខ្ញុំជាបុរសពោះម៉ាយ ហើយគាត់បាននិយាយមកខ្ញុំ យ៉ាងសុភាពថា “ការចិញ្ចឹមកូនតែម្នាក់ឯងអញ្ចឹង ជាការពិបាកហើយ មែនទេ លោក?” សម្លេងរបស់គាត់ធ្វើឲ្យខ្ញុំ បែរមើលទៅគាត់ចំ។ គឺនៅពេលនោះហើយ ដែលខ្ញុំក៏បានឃើញកូនរបស់គាត់ដែរ ហើយខ្ញុំស្តាប់គាត់និយាយប្រាប់ អំពីការដែលភរិយារបស់គាត់បានចាកចេញពីគាត់ តាំងពីយូរមកហើយ។ ពាក្យសម្តីរដ៏ស្រទន់របស់គាត់ មានលក្ខណៈផ្ទុយពីសម្បកក្រៅរបស់គាត់។ ពេលនោះខ្ញុំសោកស្តាយណាស់ ដែលបានគិតខុសអំពីគាត់ ដោយមើលតែតាមសប្បកក្រៅរបស់គាត់។ ព្រះយេស៊ូវបានជួបមនុស្សជាច្រើន ដែលសម្បកខាងក្រៅរបស់ពួកគេ អាចធ្វើឲ្យអ្នកដទៃមិនចង់នៅក្បែរ ដែលក្នុងចំណោមអ្នកទាំងនោះ មានបុរសដែលត្រូវអារក្សចូល(ម៉ាកុស ៥:១-២០)។ តែព្រះអង្គជ្រាបអំពីតម្រូវការក្នុងចិត្តគេ ហើយក៏បានបំពេញការខ្វះខាតនោះ ឲ្យពួកគេ។
ព្រះយេស៊ូវមិនដែលខាននឹងទតមើលយើង ដោយក្តីស្រឡាញ់ឡើយ ទោះបីជាយើងមានស្លាកស្នាមនៃអំពើបាប ហើយមានភាពញក់ញី ដែលបង្ហាញចេញ តាមរយៈការស្ទាក់ស្ទើររបស់យើង។ សូមព្រះអម្ចាស់ ជួយដកភាពឆ្មើងឆ្មៃចេញពីយើង ហើយបំពេញនូវក្តីស្រឡាញ់របស់ព្រះយេស៊ូវវិញ។–Randy Kilgore