
ធ្វើបានល្អណាស់ លោកដាវីឌ ស៊ូម
ដោយDavid C. McCasland
April 14, 2015
នៅឯពិធីរំឭករបស់លោកដាវីឌ ស៊ូម(David Schu-mm) យើងបានអបអរសាទភាពសុទិដ្ឋិនិយម ការអត់ធ្មត់ និងសេចក្តីជំនឿរបស់គាត់ ដែលជាបុរសម្នាក់ ដែលមានជម្ងឺស្លាប់ដៃជើងធ្ងន់ធ្ងរ។ ក្នុងរយៈពេល៧៤ឆ្នាំ នៃជីវិតរបស់លោកដាវីឌ កិច្ចការសាមញ្ញៗនៅក្នុងជីវិតប្រចាំថ្ងៃ សុទ្ធតែតម្រូវឲ្យមានការប្រឹងប្រែងយ៉ាងខ្លាំង។ ក្នុងការលំបាកទាំងអស់នេះ គាត់នៅតែបន្តញញឹម ហើយជួយអ្នកដទៃ ដោយបានលះបង់ពេលវេលា២៣០០០ម៉ោង នៅក្នុងការងារជាអ្នកស្ម័គ្រចិត្ត នៅក្នុងមន្ទីពេទ្យមួយកន្លែង ហើយទន្ទឹមនឹងនោះ គាត់ក៏បានលើកទឹកចិត្តក្មេងជំទង់ដែលងាយនឹងរងគ្រោះផងដែរ។ លោកដាវីឌ បានសម្រេចចិត្តយកបទគម្ពីរ អេសាយ ៣៥:៣-១០ មកអាន ក្នុងពិធីរំឭករបស់គាត់ ដែលបទគម្ពីរនេះបានចែងថា “ចូរចំរើនកំឡាំងដៃដែលខ្សោយ ហើយឲ្យក្បាលជង្គង់ដែលញ័របានមាំមួនឡើង ត្រូវឲ្យប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា ចូរឲ្យមានកំឡាំងចុះ កុំឲ្យខ្លាចឡើយ មើល ព្រះនៃអ្នករាល់គ្នា ទ្រង់នឹងយាងមកសងសឹក ហើយនឹងយករង្វាន់របស់ព្រះមក ទ្រង់នឹងយាងមកជួយសង្គ្រោះអ្នករាល់គ្នា … គ្រានោះ ពួកមនុស្សខ្វិននឹងលោតដូចជាប្រើស ហើយអណ្តាតរបស់មនុស្សគនឹងច្រៀងឡើង ដ្បិតនៅទីរហោស្ថាននឹងមានក្បាលទឹកផុសចេញ ហើយនឹងមានផ្លូវទឹកហូរនៅសមុទ្រខ្សាច់ដែរ”(ខ.៣-៤,៦)។ នេះជាព្រះបន្ទូលសន្យា ដែលព្រះមានចំពោះរាស្រ្តអ៊ីស្រាអែល ពេលដែលពួកគេកំពុងជាប់ជាឈ្លើយ ហើយក៏បានរំឭកយើង ឲ្យមានសង្ឃឹមថា ព្រះគ្រីស្ទនឹងយាងមកវិញនៅពេលណាមួយ ដើម្បីទទួលអ្នកដែលជឿ និងដើរតាមទ្រង់។ ក្នុងសប្តាហ៍ចុងក្រោយនៃជីវិតរបស់លោកដាវីឌ ជាញឹកញាប់ គាត់បានឲ្យអ្នកមកសួរសុខទុក្ខគាត់ មើលទៅរូបគំនូរព្រះយេស៊ូវ មួយផ្ទាំងធំ នៅក្បែរគ្រែគេងរបស់គាត់ ដោយនិយាយប្រាប់គេថា “ទ្រង់នឹងមកទទួលខ្ញុំ ក្នុងពេលឆាប់ៗ”។ នេះហើយជាសេចក្តីសង្ឃឹមដែលព្រះយេស៊ូវបានប្រទាន ដល់កូនរបស់ទ្រង់ទាំងអស់ ដែលនាំឲ្យយើងអរព្រះគុណ និងសរសើរតម្កើងទ្រង់!–David McCasland
បទគម្ពីរប្រចាំថ្ងៃ
ចូរឲ្យមានកំឡាំងចុះ កុំឲ្យខ្លាចឡើយ មើល ព្រះនៃអ្នករាល់គ្នា ទ្រង់នឹងយាងមកសងសឹក ហើយនឹងយករង្វាន់របស់ព្រះមក ទ្រង់នឹងយាងមកជួយសង្គ្រោះអ្នករាល់គ្នា។–អេសាយ ៣៥:៤