
ការកម្សាន្តចិត្តសព្វគ្រប់
ដោយRandy Kilgore
April 17, 2015
ក្នុងអំឡុងពេលដែលខ្ញុំកំពុងបម្រើការ ជាបុគ្គលិកផ្នែកធនធានមនុស្ស នៅក្រុមហ៊ុនសំណង់មួយ យើងបានទទួលការងារសាងសង់មួយចំនួន នៅក្នុងរដ្ឋជិតខាងមួយ។ ការនេះមានន័យថា កម្មករសំណង់របស់យើង ត្រូវធ្វើដំណើរផ្លូវឆ្ងាយរយៈពេល២ម៉ោង ដើម្បីទៅធ្វើការក្នុងរដ្ឋនោះជារៀងរាល់ថ្ងៃ ដោយបូករួមទាំងរយៈពេលធ្វើការងារសំណង់មួយថ្ងៃពេញទៀត។ ដើម្បីកាន់បន្ថយបន្ទុករបស់ពួកគេ យើងក៏បានកក់បន្ទប់ផ្ទះសំណាក់តាមផ្លូវ ឲ្យពួកគេ សម្រាប់ថ្ងៃដែលពួកគេធ្វើការ ប៉ុន្តែ ទន្ទឹមនឹងនោះ យើងក៏បានរៀបចំឲ្យមានឡានទួរីសមួយចំនួន និងអ្នកបើកបរ សម្រាប់អ្នកដែលចង់ស្នាក់នៅផ្ទះសំណាក់។ ពេលនោះ យើងសង្កេតឃើញថា កម្មកររបស់យើងស្ទើរតែទាំងអស់បានសម្រេចចិត្តជិះឡានទួរីស។ មានកម្មករម្នាក់ ក្នុងចំណោមកម្មករដែលឆេវឆាវបំផុតរបស់យើង បានលះចោលអត្តចរិតមិនល្អរបស់គាត់ ពេលដែលគាត់រៀបរាប់ប្រាប់យើង អំពីការរំភើបចិត្ត និងការភ្ញាក់ផ្អើលរបស់ភរិយា និងកូនប្រុសទាំង៤នាក់របស់គាត់ នៅក្នុងយប់ដំបូង ដែលគាត់ធ្វើការផ្លូវឆ្ងាយជាមួយយើង។ ថ្ងៃនោះ គាត់មិនបានប្រាប់ពួកគេថា គាត់បានសម្រេចចិត្តជិះឡានទួរីសត្រឡប់មកផ្ទះវិញទេ ដូចនេះ គាត់ក៏បានត្រឡប់មកផ្ទះវិញ ដោយមិនឲ្យពួកគេដឹង ដើម្បីធ្វើឲ្យពួកគេភ្ញាក់ផ្អើល។ ក្រោយមក ភរិយារបស់គាត់បានទូរស័ព្ទមកម្ចាស់ក្រុមហ៊ុនយើងថា ក្រុមគ្រួសាររបស់ពួកគេនឹង “ស្ម័ក្រស្មោះអស់មួយជីវិត” ចំពោះអ្នកណាក៏ដោយ ដែលយល់អំពីសារៈសំខាន់ដែលគ្រួសារមានចំពោះ កម្មករនីមួយៗ។ យ៉ាងណាមិញ ពួកសិស្សព្រះយេស៊ូវបានដើរតាមទ្រង់ ដោយបានចាកចេញពីគ្រួសាររបស់ខ្លួន ដូចនេះ សម្រាប់អ្នកដែលបានចាកចេញពីផ្ទះ ទោះក្នុងរយៈពេលខ្លីក៏ដោយ ក៏នឹងបានយល់អំពីការកម្សាន្តចិត្ត ដែលពួកសិស្សរបស់ទ្រង់បានទទួល ពីព្រះបន្ទូល ដែលទ្រង់បានមានបន្ទូលសន្យាថា ផ្ទះដ៏អស់កល្បជានិច្ចកំពុងតែរង់ចាំពួកគេ (យ៉ូហាន ១៤:២)។ បន្ទាប់មក ដើម្បីឲ្យសេចក្តីអំណររបស់ពួកគេមានភាពពេញលេញ ព្រះយេស៊ូវបានប្រាប់ពួកគេថា ទ្រង់នឹងទៅរៀបកន្លែងសម្រាប់ពួកគេ ហើយនាំផ្លូវពួកគេទៅកាន់ផ្ទះនោះ ដូចនេះ យើងមានអំណរជាទីបំផុត ពេលដែលទ្រង់កំពុងរង់ចាំយើងជាស្រេចនៅក្នុងផ្ទះនោះ (ខ.៣)។ សូមចាំថា យើងមានការកម្សាន្តចិត្តដ៏ធំបំផុត ក្នុងជីវិតនេះ គឺនៅពេលដែលយើងឮព្រះយេស៊ូវសន្យាថា ថ្ងៃណាមួយ យើងនឹងបានទៅនៅក្នុងផ្ទះនោះ ជាមួយទ្រង់ជារៀងរហូត។-Rand Kilgore
បទគម្ពីរប្រចាំថ្ងៃ
នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា។–យ៉ូហាន ១៤:២