ប្រែពីក្រៀមក្រោះ ទៅជាស្រស់ស្អាត
រដូវផ្ការីក ជាពេលដែលព្រះទ្រង់រំឭកយើងថា អ្វីៗមិននៅដដែលជានិច្ច ដូចដែលយើងបានឃើញនោះឡើយ។ ក្នុងរយៈពេលពីរបីសប្តាហ៍ដ៏ខ្លី អ្វីៗដែលហាក់ដូចជាក្រៀមក្រោះអស់សង្ឃឹម ក៏បានប្រែជាមានជីវិតយ៉ាងស្រស់ស្រាយវិញ។ ដើមឈើដែលជ្រុះរុះរោយស្លឹកអស់ នៅសល់តែមែកដែលមានរៀងដូចដៃ ដែលលើកឡើង ឆ្ពោះទៅរកផ្ទៃមេឃ ក្នុងរដូវរងា ដែលហាក់ដូចជាកំពុងតែអង្វរសុំខោអាវដណ្តប់ខ្លួនឲ្យបាត់រងានោះ ក៏បានផ្លាស់ប្រែទៅជាចេញស្លឹក ចេញផ្កាដ៏ស្រស់បំព្រងវិញ។ ដើមផ្កាដែលក្រៀមស្វិត ហើយរុះរោយធ្លាក់ទៅលើដី ដោយចាញ់អាកាសធាតុត្រជាក់ ក៏បានងើបឡើងវិញយឺតៗ ដោយមិនព្រមចុះចាញ់សេចក្តីស្លាប់។ ព្រះគម្ពីរបរិសុទ្ធបានចែងអំពីស្ថានភាពខ្លះ ដែលហាក់ដូចជាគ្មានសង្ឃឹមទាល់តែសោះ។ ក្នុងនោះ មានបុរសអ្នកមានម្នាក់ឈ្មោះយ៉ូប ដែលព្រះទ្រង់បានហៅគាត់ថា មនុស្សទៀងត្រង់ (យ៉ូប ២:៣)។ គ្រោះមហន្តរាយក៏បានមកដល់ ហើយលោកយ៉ូបក៏បាត់បង់អ្វីៗដែលសំខាន់ចំពោះគាត់។ ក្នុងពេលដ៏វេទនានោះ គាត់បានមានប្រសាសន៍ថា “អស់ទាំងថ្ងៃអាយុរបស់ខ្ញុំ…កន្លងទៅ ឥតមានទីសង្ឃឹមឡើយ”(៧:៦)។ អ្វីដែលបានកើតឡើងនោះ បានធ្វើឲ្យលោកយ៉ូប និងមិត្តសំឡាញ់របស់គាត់ យល់ថា ព្រះបានដាក់ទោសគាត់ហើយ តែនោះមិនមែនជាការពិតទេ។ ផ្ទុយទៅវិញ ព្រះទ្រង់មានការជឿជាក់យ៉ាងខ្លាំង ទៅលើភាពទៀងត្រង់របស់លោកយ៉ូប បានជាទ្រង់អនុញ្ញាតឲ្យគាត់តយុទ្ធនឹងសាំតាំង។ ក្រោយមក សេចក្តីសង្ឃឹម និងជីវិតរបស់លោកយ៉ូបក៏ត្រូវបានព្រះប្រទានពរ ឲ្យបានប្រែជាថ្មីឡើងវិញ។ ដំណើរដ៏ស្មោះត្រង់ នៃការមកដល់នៃរដូវផ្ការីកជារៀងរាល់ឆ្នាំ បានកម្សាន្តចិត្តខ្ញុំ ពេលដែលខ្ញុំធ្លាក់ចូលក្នុងស្ថានភាព ដែលហាក់ដូចជាគ្មានសង្ឃឹម។ ដោយសារយើងមានព្រះ នោះយើងនៅតែមានសង្ឃឹមជានិច្ច។…
Read article