នៅពេលខ្ញុំគិតអំពីឳពុករបស់ខ្ញុំ ខ្ញុំគិតដល់ពាក្យមួយឃ្លា ដែលពោលថា “គាត់មិនបានប្រាប់ខ្ញុំ ថាត្រូវរស់នៅរបៀបណានោះទេ គឺគាត់បានរស់នៅជាគំរូ ឲ្យខ្ញុំមើលរបៀបដែលគាត់រស់នៅវិញ”។ ក្នុងអំឡុងពេលខ្ញុំធំពេញវ័យ ខ្ញុំបានសង្កេតមើលឳពុករបស់ខ្ញុំ ដើរជាមួយព្រះ។ គាត់បានចូលរួមក្នុងកម្មវិធីថ្វាយបង្គំ ពេលព្រឹកនៅព្រះវិហារ បានបង្រៀនព្រះគម្ពីរ ដល់មនុស្សពេញវ័យ បានជួយរាប់ប្រាក់ដង្វាយ ហើយបានបម្រើការជាចាស់ទុំម្នាក់។ នៅក្រៅព្រះវិហារ គាត់បាននិយាយការពារដំណឹងល្អ ដោយចិត្តស្មោះត្រង់ និងអានព្រះគម្ពីរ។ ខ្ញុំបានឃើញគាត់បង្ហាញក្តីស្រឡាញ់ដល់ព្រះអម្ចាស់ តាមរយៈការប្រព្រឹត្តរបស់គាត់។
ស្ដេចអេសា ជាស្ដេចយូដា ដែលបានធ្វើជាគំរូនៃការគោរពប្រតិបត្តិព្រះក្នុងការរស់នៅ(២របាក្សត្រ ១៤:២)។ ទ្រង់បានរំលំចោលអស់ទាំងរូបព្រះចេញពីនគររបស់ទ្រង់ ក៏បានស្អាងអាសនានៃព្រះអម្ចាស់ឡើងវិញ ហើយបានដឹកនាំរាស្រ្តរបស់ទ្រង់ ឲ្យតាំងសេចក្ដីសញ្ញាជាមួយព្រះ(១៥:៨-១២)។ បុត្រារបស់ទ្រង់ គឺស្តេចយ៉ូសាផាត បានបន្តកេរដំណែលនេះ ដោយស្វែងរក“ព្រះនៃពួកព្ធយុកោទ្រង់ ហើយប្រព្រឹត្តតាមបញ្ញត្តរបស់ព្រះអង្គ”(១៧:៤)។ យ៉ូសាផាតបានបំបាត់អស់ទាំងការថ្វាយបង្គំរូបព្រះ ចេញពីទឹកដីរបស់ទ្រង់(ខ.៦) ហើយចាត់ពួកសង្ឃ និងពួកលេវីឲ្យទៅបង្រៀនក្រឹត្យវិន័យរបស់ព្រះ នៅគ្រប់អស់ទាំងទីក្រុងនៃស្រុកយូដា(ខ.៧-៩)។
ការដឹកនាំរបស់ស្តេចយ៉ូសាផាត មានលក្ខណៈមិនខុសពីការដឹកនាំរបស់បិតាទ្រង់ឡើយ ដោយទ្រង់បានយកគំរូតាមព្រះបិតាយ៉ាងស្មោះត្រង់ ក្នុងការគោរពប្រតិបត្តិព្រះ។ ប៉ុន្តែ ដែលសំខាន់លើសពីនេះទៅទៀតនោះ គឺស្ដេចយ៉ូសាផាតមាន “ចិត្តអរសប្បាយក្នុងអស់ទាំងផ្លូវនៃព្រះអម្ចាស់”(ខ.៦)។ ថ្ងៃនេះ បើសិនជាលោកអ្នកចង់បានឳពុកជាគំរូ នោះសូមនឹកចាំពីព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ ហើយតាំងចិត្តអរសប្បាយក្នុងគ្រប់ទាំងផ្លូវរបស់ព្រះអង្គចុះ។—Jennifer Benson Schuldt