គេថា លោកអាល់ប៊ើត អានស្តាញ (Albert Einstein) ធ្លាប់មានប្រសាសន៍ថា “មានតែការពីរយ៉ាងគត់ ដែលឥតមានដែនកំណត់ នោះគឺចក្រវាល និងភាពល្ងង់ខ្លៅរបស់មនុស្ស ហើយខ្ញុំមិនដឹងច្បាស់ អំពីចក្រវាលទេ”។ គួរឲ្យស្តាយណាស់ ដែលមានពេលច្រើនដងពេកហើយ ដែលយើងចេះតែបណ្តោយខ្លួន ឲ្យធ្លាក់ចូលក្នុងភាពល្ងង់ខ្លៅដែលគ្មានព្រំដែន ឬទទួលរងការខូចខាត ដែលយើងបង្ករឡើង ដោយសារភាពល្ងង់ល្ងើរបស់យើង និងដោយការសម្រេចចិត្ត ដោយភាពល្ងង់ខ្លៅនោះ។
ពេលដែលស្ដេចដាវីឌកំពុងមានវិប្បដិសារី ទ្រង់បានទូលថ្វាយនូវទុក្ខលំបាក និងការត្អូញត្អែររបស់ទ្រង់ ទៅចំពោះព្រះ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៣៨។ ទ្រង់បានរំឭកឡើងវិញ អំពីកំហុសរបស់ទ្រង់ និងអំពីផលលំបាកដ៏ឈឺចាប់ ដែលទ្រង់កំពុងរងទ្រាំ ដោយសារតែកំហុសទាំងនោះ ហើយទន្ទឹមនឹងនោះ ស្ដេចអង្គនេះ ដែលធ្លាប់ជាអ្នកគង្វាលចៀម បានមានបន្ទូលដ៏មានន័យថា “អស់ទាំងរបួសនៃទូលបង្គំ សុទ្ធតែរលួយ ហើយស្អុយ ដោយព្រោះអំពើឆោតខ្លៅរបស់ទូលបង្គំ”(ខ.៥)។ ទោះបីជាអ្នកនិពន្ធទំនុកដំកើងរូបនេះ មិនបាននិយាយលំអិត អំពីការសម្រចចិត្តខុសរបស់ខ្លួន ឬអំពីរបួសដែលកាន់តែឈឺចាប់ក៏ដោយ ក៏យើងនៅតែអាចដឹងច្បាស់ថា ទ្រង់បានទទួលស្គាល់ថា សេចក្តីឆោតល្ងង់របស់ទ្រង់ គឺជាឫសគល់នៃបញ្ហាទាំងអស់នោះឯង។
ដើម្បីជម្នះភាពឆោតល្ងង់ ដែលអាចនាំឲ្យហិនវិនាស យើងត្រូវឱបក្រសោបយកប្រាជ្ញារបស់ព្រះ។ បទគម្ពីរសុភាសិត ៩:១០ បានរំឭកយើងថា “សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា ជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធ នោះគឺជាយោបល”។ ទាល់តែយើងអនុញ្ញាតឲ្យព្រះទ្រង់ផ្លាស់ប្រែយើងសិន ទើបយើងអាចយកឈ្នះលើការសម្រេចចិត្ត ដោយភាពល្ងង់ខ្លៅ ដែលជាបុព្វហេតុបង្កឲ្យមានបញ្ហាជាច្រើន។ ដោយសារការដឹកនាំ ប្រកបដោយសេចក្តីស្រឡាញ់របស់ទ្រង់ នោះយើងអាចដើរតាមផ្លូវនៃប្រាជ្ញា ដែលកោតខ្លាចព្រះបាន។—Bill Crowder