
ការរស់នៅដោយគ្មាននំប៉័ង
ដោយMarvin Williams
October 8, 2015
ក្នុងសង្គម ដែលប្រជាជនមានអាហារជាបរិបូរសម្រាប់ជ្រើសរើស នំប៉័ងលែងក្លាយជាផ្នែកដ៏ចាំបាច់នៃអាហារប្រចាំថ្ងៃទៀតហើយ បានជាអ្នកខ្លះបានសម្រេចចិត្តរស់នៅ ដោយមិនចាំបាច់ញាំនំប៉័ង ដោយសារមូលហេតុផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងទឹកដីអ៊ីស្រាអែល នៅសតវត្សរ៍ទី១ គេបានចាត់ទុកនំប៉័ង ជាអាហារដ៏ចាំបាច់។ មានតែសាសន៍ដទៃទេ ដែលមិនញាំនំប៉័ងជាប្រចាំថ្ងៃនោះ។ ថ្ងៃមួយ មានមនុស្សមួយហ្វូង តាមរកព្រះយេស៊ូវ ដោយសារព្រះអង្គបានធ្វើការអស្ចារ្យ ដោយឲ្យនំប៉័ង នឹងត្រីកើនចំនួនច្រើនជាបរិបូរ សម្រាប់ឲ្យបណ្តាជនបរិភោគ(យ៉ូហាន ៦:១១,២៦)។ ពួកគេបានសុំឲ្យព្រះអង្គធ្វើទីសម្គាល់ ដូចជាការទម្លាក់នំម៉ាណាពីលើមេឃមក ដូចដែលព្រះបានផ្គត់ផ្គង់ដល់រាស្រ្តព្រះអង្គ នៅក្នុងវាលរហោស្ថានដែរ(៦:៣០-៣១ និក្ខមនំ ១៦:៤)។ ពេលដែលព្រះយេស៊ូវប្រាប់ពួកគេថា “ព្រះអង្គជានំប៉័ងដ៏ពិត ដែលមកពីស្ថានសួគ៌”(យ៉ូហាន ៦:៣២) ពួកបណ្តាជនស្តាប់មិនយល់ឡើយ។ ពួកគេចង់ឲ្យព្រះអង្គប្រទាននំប៉័ង ក្នុងន័យត្រង់ មិនមែនក្នុងន័យធៀបទេ។ តែព្រះយេស៊ូវបានមានបន្ទូលថា ព្រះវរបិតាបានចាត់ព្រះអង្គមក ឲ្យធ្វើជានំប៉័ងខាងវិញ្ញាណ សម្រាប់ចម្អែតវិញ្ញាណពួកគេ ជារៀងរាល់ថ្ងៃ។ បើសិនជាពួកគេ ទទួលយកព្រះបន្ទូលព្រះអង្គ មកអនុវត្តដោយជំនឿ ក្នុងវិញ្ញាណរបស់ខ្លួន នោះពួកគេនឹងបានពិសោធនឹងការឆ្អែតខាងវិញ្ញាណ ដ៏អស់កល្បជានិច្ច(ខ.៣៥)។ ព្រះយេស៊ូវមិនសព្វព្រះទ័យនឹងធ្វើជាអាហារ ដែលយើងអាចជ្រើសរើសតាមចិត្ត ជាប្រចាំថ្ងៃនោះឡើយ តែព្រះអង្គសព្វព្រះទ័យនឹងធ្វើជាអាហារដ៏ចាំបាច់ ក្នុងជីវិតយើង ពោលគឺអាហារ ដែលយើង “មិនអាចអត់បាន”។ ដែលសាសន៍យូដានៅសតវត្សរ៍ទី១ ដែលមិនអាចរស់នៅ ដោយគ្មាននំប៉័ងខាងសាច់ឈាមជាយ៉ាងណា នោះសូមយើងកុំមានចិត្តចង់សាកល្បងរស់នៅ ដោយគ្មានព្រះគ្រីស្ទ ដែលជានំប៉័ងខាងវិញ្ញាណរបស់យើងឡើយ។—Marvin Williams
បទគម្ពីរប្រចាំថ្ងៃ
ខ្ញុំជានំបុ័ងជីវិត។-យ៉ូហាន ៦:៤៨