នៅទូទាំងទីក្រុងឡុងទាំងមូល មានរូបចម្លាក់ និងវត្ថុផ្សេងៗជាច្រើន ដែលគេបានធ្វើពីគ្រឿងសំណង់ដ៏ពិសេសមួយប្រភេទ ដែលគេហៅថា ថ្មខូអាដេ(Coade)។ ថ្មសិប្បនិម្មតប្រភេទនេះ ត្រូវបានបង្កើតដោយអ្នកស្រីអេលេន័រ ខូអាដេ(Eleanor Coade) សម្រាប់មុខជំនួញប្រចាំគ្រួសាររបស់គាត់ ក្នុងចុងទសវត្សរ៍ឆ្នាំ ១៧០០។ វាមានភាពរឹងមាំអាចធន់នឹងពេលវេលា អាកាសធាតុ និងការបំពល់បរិស្ថាន ដែលបង្ករដោយមនុស្ស។ ទោះបីជាថ្មខូអាដេ ជាអច្ឆរយវត្ថុក្នុងអំឡុងសម័យបដិវត្តន៍ឧស្សាហកម្មក៏ដោយ ក៏គេបានឈប់ប្រើថ្មប្រភេទនេះ ក្នុងទសវត្ស៍ឆ្នាំ ១៨៤០ បន្ទាប់ពីអ្នកស្រីអេលេន័របានលាចាកលោក ហើយគេក៏បានប្រើស៊ីម៉ង់ ជាគ្រឿងសំណង់ជំនួសវិញ។ ទោះបីជាយ៉ាងណាក៏ដោយ សព្វថ្ងៃនេះ នៅមានសំណង់រាប់សិបកន្លែង ដែលគេបានសង់ពីថ្មខូអាដេ ដ៏រឹងមាំដូចសេរ៉ាមិក ដែលបានធន់នឹងបរិស្ថានដ៏អាក្រក់នៃទីក្រុងឡុង អស់រយៈពេលជា១៥០ឆ្នាំហើយ។
យ៉ាងណាមិញ សាវ័កប៉ុលបានរៀបរាប់ថា ព្រះយេស៊ូវជាថ្មដ៏រស់។ គាត់បានមានប្រសាសន៍ថា “អ្នករាល់គ្នា ដែលកំពុងតែមកឯទ្រង់ដ៏ជាថ្មរស់ ដែលមនុស្សបានបោះបង់ចោលចេញ តែព្រះបានជ្រើសរើស ហើយរាប់ជាវិសេសវិញ នោះអ្នករាល់គ្នាក៏បានស្អាងឡើង ដូចជាថ្មរស់ដែរ ឲ្យបានធ្វើជាផ្ទះខាងឯវិញ្ញាណ”(១ពេត្រុស ២:៤-៥)។ ព្រះយេស៊ូវជាថ្មដានៃសេចក្តីសង្រ្គោះរបស់យើង ដែលបានបូជាព្រះជន្មរបស់ព្រះអង្គ ជាទីគាប់ព្រះនេត្រនៃព្រះវរបិតា។ ព្រះគ្រីស្ទជាថ្មដាដ៏ស្ថិតស្ថេរ ដែលព្រះវរបិតាបានប្រើជាគ្រឹះនៃសេចក្តីជំនឿរបស់យើង ហើយជាគ្រឹះនៃជីវិតដ៏មានន័យ(១កូរិនថូស ៣:១១)។
ទាល់តែជីវិតយើងត្រូវបានសង់ឡើង នៅលើកម្លាំងរបស់ព្រះអង្គ ទើបយើងអាចធន់នឹងទុក្ខលំបាកនៃជីវិត ក្នុងលោកិយដែលពេញដោយអំពើបាបនេះ។—Bill Crowder