ថ្ងៃមួយ ក្រុមបាល់ទាត់ដែលខ្ញុំចូលចិត្ត បានប្រកួតចាញ់គេ ក្នុងវគ្គផ្តាច់ព្រាត់ ហើយក្តីស្រម៉ៃដែលចង់ឃើញក្រុមនោះ ក្លាយជាក្រុមជើងឯក ក៏ត្រូវរលាយ។ ស្អែកឡើង ខ្ញុំបានចេញទៅធ្វើការ ទាំងចិត្តសោកស្តាយ។ ខ្ញុំមិនគួរខ្វល់អំពីបញ្ហានេះច្រើនទេ តែខ្ញុំហាក់ដូចជាបានបណ្តោយឲ្យថ្ងៃនេះ ក្លាយជាថ្ងៃច័ន្ទដ៏តប់ប្រម៉ល់។ តែពេលខ្ញុំកំពុងបើកបរតាមផ្លូវ មានបទចម្រៀងមួយបទ បានបន្លឺឡើងក្នុងវិទ្យុ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រស់ថ្លាឡើងវិញ។ បទចម្រៀងនោះ ជាបទរបស់ក្រុមខាស់ស្ទីងក្រោន ដែលមានចំណងជើងថា “ថ្ងៃដែលមានសិរីល្អ”។ ក្នុងឃ្លាដំបូង ពូកគេច្រៀងថា “ថ្ងៃមួយ គេបានបណ្តើរព្រះយេស៊ូវឡើងភ្នំកាល់វ៉ារី នៅថ្ងៃនោះ គេបានព្យួរព្រះអង្គ នៅលើឈើឆ្កាង”។ ឃ្លានេះបានលើកទឹកចិត្តខ្ញុំជាបណ្តើរៗហើយ។ ប៉ុន្តែ បន្ទាប់មក បទចម្រៀងនេះ ក៏បានចូលដល់វគ្គដែលពិពណ៌នា អំពីដំណឹងល្អនៃការមានព្រះជន្មឡើងវិញរបស់ព្រះគ្រីស្ទ និងអំពីការដែលព្រះអង្គបានឈ្នះអំពើបាប យ៉ាងដូចនេះថា នៅថ្ងៃដ៏អាក្រក់បំផុត ភាពងងឹតបានកើតមាន ក្នុងពេលថ្ងៃ នៅលើភ្នំនៃក្រុងយេរូសាឡិម មានសេចក្តីសង្ឃឹមដ៏ពិត បានប្រទានមកដល់មនុស្សជាតិ។ ព្រោះព្រះយេស៊ូវបាន “ទទួលរងការដំដែកគោលជួសខ្ញុំ”។ បទចម្រៀងនេះបានបន្តទៀតថា “ព្រះអង្គបានដកអំពើបាប ឲ្យចេញឆ្ងាយពីខ្ញុំ”។ ហើយនៅថ្ងៃមួយ ព្រះអង្គនឹងយាងមកវិញ “ក្នុងថ្ងៃដែលមានសិរីល្អ!”
ប្រហែលជា នៅថ្ងៃនេះ អ្នកមិនបានក្រោកឡើង ដោយអារម្មណ៍ល្អទេ។ អ្នកប្រហែលជាកំពុងជួបបញ្ហាជាច្រើន ដែលកំពុងគំរាមថានឹងធ្វើឲ្យថ្ងៃនេះ ក្លាយជាថ្ងៃដ៏អស់សង្ឃឹម។ ទោះជាយ៉ាងណាក៏ដោយ សូមផ្តោតអារម្មណ៍របស់អ្នក មកលើអង្គព្រះយេស៊ូវ។ សូមរំឭកខ្លួនឯង អំពីការដែលព្រះអង្គបានធ្វើសម្រាប់អ្នក នៅកាល់វ៉ារី និងអំពីរបៀបដែលព្រះអង្គបានឈ្នះអំពើបាប ដោយការមានព្រះជន្មឡើងវិញរបស់ព្រះអង្គ គឺដូចដែលមានសេចក្តីចែងថា “ទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ!”(ម៉ាថាយ ២៨:៦)។ ការនេះអាចធ្វើឲ្យថ្ងៃនីមួយៗ ក្លាយជាថ្ងៃដែលមានសិរីល្អ!—Dave Branon