កន្លែងដែលមានទឹក
តំបន់អាហ្វ្រិកខាងកើត ស្ថិតក្នុងចំណោមតំបន់ដែលស្ងួតហួតហែងបំផុត នៅលើផែនដី ហើយការនេះបានធ្វើឲ្យ “ណៃរូប៊ី” ក្លាយជាឈ្មោះដ៏មានន័យរបស់ទីក្រុងមួយ ក្នុងតំបន់នោះ។ ឈ្មោះនេះមានប្រភពមកពីឃ្លាជាភាសាម៉ាសៃ ដែលប្រែមកថា “ទឹកត្រជាក់” តាមន័យត្រង់ គឺមានន័យថា “កន្លែងដែលមានទឹក”។ ក្នុងប្រវត្តិសាស្រ្តនៃមនុស្សជាតិ វត្តមាននៃទឹកបានក្លាយជាប្រភពនៃជីវិត និងយុទ្ធសាស្រ្ត។ ទោះបីជាមនុស្សយើងរស់នៅ ក្នុងកន្លែងដែលមានអាកាសធាតុស្ងួត ឬក្នុងតំបន់ព្រៃទឹកភ្លៀងក៏ដោយ ក៏ទឹកនៅមានភាពចាំបាច់ ដែលមិនអាចអត់បានដូចគ្នា។ ក្នុងតំបន់រាំងស្ងួត ដែលមិនអាចដាំដុះអ្វីបាន មនុស្សមិនអាចរស់នៅបានឡើយ បើសិនជាមិនស្គាល់កន្លែងរកទឹក។ យ៉ាងណាមិញ ជីវិតខាងវិញ្ញាណរបស់យើង ក៏មានធាតុផ្សំដែលមិនអាចអត់បានផងដែរ។ ហេតុនេះហើយបានជា នៅពេលដែលព្រះយេស៊ូវជួបស្រ្តីម្នាក់ ដែលមានការស្រេកឃ្លានខាងវិញ្ញាណ នៅក្បែរអណ្តូងទឹក ព្រះអង្គបានប្រកាសប្រាប់ដល់នឹងថា មានតែព្រះអង្គទេដែលអាចប្រទានទឹកដ៏រស់។ ព្រះអង្គបានប្រាប់នាងថា “អ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច”(យ៉ូហាន ៤:១៤)។ វិញ្ញាណរបស់យើងស្រែករកព្រះ ហើយរឭកចង់បានព្រះអង្គ(ទំនុកដំកើង ៦៣:១) ដូចសត្វក្តាន់ ដែលដង្ហក់រកទឹក ក្នុងទំនុកដំកើង ៤២:១-២។ យើងត្រូវការការផ្គត់ផ្គង់ ដែលមានតែព្រះយេស៊ូវគ្រីស្ទទេ ដែលអាចប្រទានឲ្យបាន។ ព្រះអង្គជាប្រភពនៃទឹកដ៏រស់ ដែលធ្វើឲ្យចិត្តយើងស្រស់ស្រាយ។—Bill Crowder
Read article