
យកចិត្តទុកដាក់ចំពោះពាក្យសម្តី របស់យើង
ដោយDavid C. McCasland
November 30, 2015
បន្ទាប់ពីលោកស៊ី អេស លូវីស (C. S. Lewis) បានទទួលមរណៈភាពបានមួយសប្តាហ៍ ក្នុងឆ្នាំ ១៩៦៣ មានមិត្តរួមការងារ និងមិត្តភ័ក្រជាច្រើនបានជួបជុំគ្នា ក្នុងព្រះវិហារ នៃមហាវិទ្យាល័យ ម៉ាក់ដាឡា ក្នុងទីក្រុងអុកស្វឺត ប្រទេសអង់គ្លេស ដើម្បីផ្តល់នូវការគោរពដល់គាត់ ដែលជាអ្នកនិពន្ធ ដែលបានប្រើសៀវភៅរបស់ខ្លួន ដើម្បីបញ្ឆេះសេចក្តីជំនឿ និងក្តីស្រមៃឲ្យមានការឆេះឆួល ក្នុងជីវិតក្មេងៗ ក៏ដូចជាក្នុងជីវិតអ្នកដែលមានវិជ្ជាជ្រៅជ្រះ។ ក្នុងអំឡុងពេលនៃកម្មវិធីរំឭកនេះ មិត្តភ័ក្រ្តជិតស្និទ្ធ របស់លោកលូវីស គឺលោកអូស្ទីន ហ្វារើ(Austin Farrer) បានធ្វើការកត់សម្គាល់ឃើញថា លោកលូវីសតែងតែសរសេរសំបុត្រដោយផ្ទាល់ដៃ ដើម្បីឆ្លើយតបចំពោះសំបុត្រដែលគាត់បានទទួលពីអ្នកអានសៀវភៅរបស់គាត់ នៅទូទាំងពិភពលោក។ លោកហ្វារើបានមានប្រសាសន៍ថា “អាកប្បកិរិយ៉ាដ៏ល្អដែលគាត់មានចំពោះមនុស្សជាទូទៅ គឺគួរឲ្យយើងយកមកពិចារណា និងគោរព។ គាត់បានឆ្លើយតបចំពោះសំបុត្ររបស់យើង ដោយការគួរសមណាស់”។ ការនេះ បានឆ្លុះបញ្ចាំងអំពីការដែលព្រះយកព្រះទ័យទុកដាក់ជាពិសេស ចំពោះពាក្យសម្តីគ្រប់ម៉ាត់ដែលយើងទូលទៅព្រះអង្គ ក្នុងការអធិស្ឋាន។ ក្នុងអំឡុងពេលដែលមានទុក្ខលំបាកក្រៃលែង អ្នកនិពន្ធទំនុកដំកើង ជំពូក៦៦ បានស្រែកអំពាវរកព្រះ(ខ.១០-១៤)។ ក្រោយមក គាត់ក៏បានសរសើរដំកើងព្រះអម្ចាស់ សម្រាប់ការឆ្លើយតបរបស់ព្រះអង្គ គឺដូចដែលគាត់បានពោលថា “ព្រះទ្រង់បានស្តាប់ខ្ញុំហើយ ទ្រង់បានប្រុងស្តាប់ពាក្យខ្ញុំអធិស្ឋាន”(ខ.១៩)។ ពេលយើងអធិស្ឋាន ព្រះអម្ចាស់ឮពាក្យសម្តីរបស់យើង និងជ្រាបពីចិត្តយើងផង។ យើងពិតជាអាចនិយាយ ដូចអ្នកនិពន្ធទំនុកដំកើងថា “សូមសរសើរព្រះអង្គ ដែលទ្រង់មិនបានបែរចេញពីសេចក្តីអធិស្ឋានរបស់ខ្ញុំ ក៏មិនបានបង្វែរសេចក្តីសប្បុរសទ្រង់ពីខ្ញុំចេញដែរ”(ខ.២០)។ ការអធិស្ឋានរបស់យើង បានក្លាយជាផ្លូវឆ្ពោះទៅរកទំនាក់ទំនងកាន់តែស្និទ្ធស្នាលជាមួយព្រះអង្គ។ ព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះពាក្យដែលយើងអធិស្ឋានជានិច្ច ជាពិសេសនៅពេលដែលយើងមានសេចក្តីត្រូវការខ្លាំងបំផុត។—David McCasland
បទគម្ពីរប្រចាំថ្ងៃ
ព្រះទ្រង់បានស្តាប់ខ្ញុំហើយ ទ្រង់បានប្រុងស្តាប់ពាក្យខ្ញុំអធិស្ឋាន។—ទំនុកដំកើង ៦៦:១៩