
ល្អលើសផែនការ
ដោយJulie Ackerman Link
January 28, 2016
ការរំខាន គឺជាការអ្វីដែលបានកើតឡើងចំពោះមនុស្សយើងជាធម្មតា។ កម្រមានថ្ងៃណា ដែលអ្វីៗមានដំណើរការ តាមផែនការណ៍របស់យើង។ ផែនការរបស់យើងច្រើនតែជួបឧបស័គ្គដែលយើងមិនអាចគ្រប់គ្រងបាន។ យើងជួបឧបស័គ្គច្រើនរាប់មិនអស់ ដែលចេះតែប្រែប្រួលពីមួយទៅមួយជានិច្ច ដូចជា ជម្ងឺ ការប៉ះទង្គិច ការស្ទះចរាចរណ៍ ការភ្លេចភ្លាំង ឧបករណ៍មានបញ្ហា ភាពអសីលធម៌ ភាពកម្ចិល ការខ្វះការអត់ធ្មត់ ការខ្វះសមត្ថភាព។ល។ ទោះបីជាយ៉ាងណាក៏ដោយ ពេលមានបញ្ហា យើងច្រើនតែមើលឃើញតែការលំបាកប៉ុណ្ណោះ គឺមិនបានឃើញប្រយោជន៍របស់វាទេ។ យើងច្រើនតែគិតថា បញ្ហាទាំងនោះ គ្មានប្រយោជន៍អ្វី ក្រៅពីបំបាក់ទឹកចិត្តយើង ធ្វើឲ្យជីវិតយើងកាន់តែពិបាក ហើយរារាំងផែនការរបស់យើងប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះអាចប្រើបញ្ហារបស់យើង ដើម្បីការពារយើង មិនឲ្យជួបគ្រោះថ្នាក់ ដែលយើងមើលមិនឃើញ ពុំនោះទេ បញ្ហានោះអាចជាឱកាស ដើម្បីបង្ហាញព្រះគុណ និងការអត់ទោសបាបរបស់ព្រះ។ វាអាចជាការចាប់ផ្តើមនៃការអ្វី ដែលល្អប្រសើរលើសអ្វីដែលយើងបានគ្រោងទុកទៅទៀត។ ទោះបញ្ហានោះជាអ្វីក៏ដោយ ទោះយើងប្រហែលជាមិនយល់ពីមូលហេតុ ដែលព្រះអង្គឲ្យការទាំងនោះកើតឡើងក៏ដោយ ក៏យើងនៅតែអាចដឹងច្បាស់ អំពីបំណងព្រះទ័យដ៏ល្អរបស់ព្រះ គឺដើម្បីធ្វើឲ្យយើងផ្លាស់ប្រែ ឲ្យកាន់តែដូចព្រះយេស៊ូវ និងដើម្បីពង្រីកនគររបស់ព្រះអង្គ នៅលើផែនដីនេះ។ បើយើងនិយាយថា ការលំបាកដែលបានកើតឡើងចំពោះរាស្រ្តរបស់របស់ព្រះ ក្នុងប្រវត្តិសាស្ត្រ ជាការខាតបង់ ដែលឥតប្រយោជន៍ នោះជាការយល់ច្រឡំហើយ។ ប៉ុន្តែ យើងត្រូវដឹងថា ព្រះអង្គមានគោលបំណង សម្រាប់បញ្ហានីមួយៗ។ ពេលយើងដឹងអំពីការនេះ យើងអាចអរព្រះគុណព្រះអង្គ ដោយទុកចិត្តថា ព្រះអង្គកំពុងប្រទានឲ្យយើងមានឱកាសប្រើប្រាស់ពេលវេលា ឲ្យបានល្អ(អេភេសូរ ៥:១៦,២០)។-Julie Ackerman Link
បទគម្ពីរប្រចាំថ្ងៃ
ទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតាជាដរាប ក្នុងគ្រប់ការទាំងអស់។-ខ.២០