ព្រះអាទិករដ៏អស្ចារ្យដែលជាគ្រូពេទ្យដ៏ពូកែ
កាលពីពីរបីឆ្នាំមុន ខ្ញុំបានជួបគ្រោះថ្នាក់យ៉ាងដំណំ ក្នុងការជិះស្គីកម្សាន្ត ធ្វើឲ្យសាច់ដុំក្នុងជើងម្ខាង ត្រូវហែកយ៉ាងធ្ងន់ធ្ងរ។ តាមពិត វេជ្ជបណ្ឌិតបានប្រាប់ខ្ញុំថា ការដាច់រហែកនោះ បានបណ្តាលឲ្យចេញឈាមអស់ច្រើនពេក។ របួសនោះបានចំណាយពេលយ៉ាងយូរ ទំរាំតែជាសះស្បើយ តែក្នុងអំឡុងពេលដែលខ្ញុំកំពុងរង់ចាំនោះ ខ្ញុំមានការស្ងើចសរសើរយ៉ាងខ្លាំង ចំពោះព្រះអាទិករដ៏អស្ចារ្យរបស់យើង(មើលកូល៉ុស ១:១៦)។ ក្នុងមួយជីវិតនេះ ខ្ញុំបានធ្វើឲ្យបែកថាសកង់រថយន្តពីរបីដង ហើយក៏បានធ្វើឲ្យចានធ្លាក់បែកមិនតិចដងដែរ។ របស់ទាំងនោះកាលបើបានបែកហើយ គឺនៅតែបែកជារៀងរហូត ព្រោះវាមិនអាចជួសជុលខ្លួនឯងទេ។ តែជើងរបស់ខ្ញុំមិនមានបញ្ហាដូចនេះទេ។ គ្រាន់តែសាច់ដុំជើងរបស់ខ្ញុំរហែកភ្លាម ដំណើរការនៃការព្យាបាល ដែលព្រះគ្រីស្ទបានបង្កើតក្នុងខ្លួនខ្ញុំ ក៏បានចាប់ផ្តើមភ្លាមៗផងដែរ។ ព្រះអង្គបានរចនាឲ្យមានការព្យាបាលដ៏អស្ចារ្យ ក្នុងជម្រៅនៃសាច់ក្នុងជើងដ៏ឈឺចាប់របស់ខ្ញុំ ដែលយើងមិនអាចមើលឃើញដោយភ្នែកទទេ។ មិនយូរប៉ុន្មាន ខ្ញុំក៏អាចក្រោកឈរ ហើយរត់ម្តងទៀត ដោយការយល់ដឹងដ៏ថ្មីស្រឡាង អំពីអត្ថន័យនៃបទគម្ពីរទំនុកដំកើង ដែលបានចែងថា “ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ”(ទំនុកដំកើង ១៣៩:១៤)។ ជួនកាល របួសឬជម្ងឺអាចធ្វើឲ្យយើងនឹកចំា អំពីការរចនាដ៏ល្អឯករបស់ព្រះ ដែលព្រះអង្គបានដាក់ឲ្យដំណើរការ ក្នុងរូបកាយយើង។ ដូចនេះ ពេលដែលអ្នកជួបបញ្ហាអ្វីមួយ ដែលធ្វើឲ្យរំខាន ទោះជាវាបណ្តាលមកពីអ្វីក៏ដោយ ក៏សូមផ្តោតអារម្មណ៍ ទៅលើសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះយេស៊ូវ ហើយអនុញ្ញាតឲ្យព្រះអង្គបញ្ឆេះចិត្តរបស់អ្នក ឲ្យចូលទៅក្នុងការថ្វាយបង្គំ ដោយការដឹងគុណ នៅពេលដែលមានការឈឺចាប់នោះ!-Joe Stowell
Read article