ហេតុអ្វីនាំឲ្យទុក្ខកង្វល់?
គ្រូគង្វាលទាំងឡាយ ងាយនឹងក្លាយជាគោលដៅនៃការរិះគន់។ ជារៀងរាល់សប្តាហ៍ ពួកគាត់បង្ហាញខ្លួន នៅលើវេទិការ ដើម្បីបកស្រាយព្រះបន្ទូលព្រះយ៉ាងប្រុងប្រយ័ត្ន ដើម្បីលើកទឹកចិត្តយើងឲ្យរស់នៅ ឲ្យមានលក្ខណៈដូចព្រះគ្រីស្ទ។ ប៉ុន្តែ ជួនកាល យើងបែរជាស្វែងរកកំហុសរបស់ពួកគាត់ ដើម្បីធ្វើការរិះគន់។ យើងងាយនឹងមើលរំលងការល្អ ដែលគ្រូគង្វាលបានធ្វើ ហើយផ្តោតទៅលើទស្សនៈរបស់យើង។ គ្រូគង្វាលរបស់យើង មិនមែនជាមនុស្សល្អឥតខ្ចោះទេ គឺមិនខុសពីយើងទេ។ ត្រង់ចំណុចនេះ មិនមែនមានន័យថា យើងគួរតែដើរតាមគាត់ ទាំងងងឹតងងុល ហើយមិនដែលរកដំណោះស្រាយ តាមរបៀបដ៏សមរម្យ ពេលគាត់មានកំហុសនោះទេ។ យ៉ាងណាមិញ ព្រះបន្ទូលដែលបានចែងក្នុងបទគម្ពីរហេព្រើ អាចជួយឲ្យយើងមានការគិតយ៉ាងត្រឹមត្រូវអំពីអ្នកដឹកនាំរបស់យើង ដែលកំពុងថ្លែងសេចក្តីពិតរបស់ព្រះ និងធ្វើជាគំរូនៃអ្នកដឹកនាំដែលបម្រើ។ គឺដូចដែលមានសេចក្តីចែងថា “ចូរស្តាប់តាម ហើយចុះចូលនឹងពួកអ្នក ដែលនាំមុខអ្នករាល់គ្នាចុះ ដើម្បីឲ្យអ្នកទាំងនោះបានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ ពីព្រោះអ្នកទាំងនោះថែរក្សា ហាក់ដូចជានឹងត្រូវរាប់រៀបទូលដល់ទ្រង់វិញ”(ហេព្រើ ១៣:១៧)។ សូមយើងពិចារណា អំពីការនេះចុះ។ គ្រូគង្វាលរបស់យើង មានការទទួលខុសត្រូវ នៅចំពោះមុខព្រះ ក្នុងការដឹកនាំយើង ក្នុងការរស់នៅខាងវិញ្ញាណ។ យើងគួរតែចង់ឲ្យគាត់មានអំណរ ជាជាងមានទុក្ខព្រួយ ដោយសារបន្ទុកនោះ។ ម្យ៉ាងទៀត បទគម្ពីរនោះបានបង្ហាញថា ការនាំឲ្យគ្រូគង្វាលមានទុក្ខកង្វល់ គឺ“ធ្វើឲ្យខាតប្រយោជន៍ដល់យើងរាល់គ្នាហើយ”(ខ.១៧)។…
Read article