ក្នុងអំឡុងពេលទូរទស្សន៍កំពុងផ្សាយពត៌មាន អំពីទុក្ខវេទនារបស់ជនភាសខ្លួន ដែលបានរត់គេចចេញពីប្រទេស ដែលកំពុងតែហិនហោចដោយសារសង្រ្គាម ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំងចំពោះពាក្យសម្តីរបស់ក្មេងស្រីម្នាក់ អាយុ១០ឆ្នាំ។ ទោះបីជាជនភាសខ្លួនទាំងនោះ មិនងាយនឹងបានត្រឡប់មកផ្ទះរបស់ខ្លួនវិញក៏ដោយ ក៏នាងនៅតែបង្ហាញចេញនូវទឹកចិត្តដែលមិនព្រមបោះបង់ចោលដោយងាយៗ។ នាងនិយាយប្រាប់គេ ដោយការប្តេជ្ញាចិត្តដ៏ស្ងាត់ស្ងៀមថា “ពេលខ្ញុំត្រឡប់ទៅវិញ ខ្ញុំនឹងទៅលេងអ្នកជិតខាងរបស់ខ្ញុំ ខ្ញុំនឹងលេងជាមួយមិត្តភ័ក្តរបស់ខ្ញុំ។ ប៉ាខ្ញុំថា យើងអត់មានផ្ទះនៅទៀតទេ តែខ្ញុំប្រាប់គាត់ថា យើងនឹងជួសជុលផ្ទះយើងឡើងវិញ”។
យើងអាចមានការប្តេជ្ញាចិត្ត ក្នុងការរស់នៅ ជាពិសេស នៅពេលដែលការប្តេជ្ញាចិត្តនោះ បានចាក់ឫសចូលទៅក្នុងសេចក្តីជំនឿលើព្រះ និងសេចក្តីស្រឡាញ់ចំពោះអ្នកដទៃ។ យ៉ាងណាមិញ កណ្ឌគម្ពីរនាងរស់ បាននិយាយអំពីស្រ្តីបីនាក់ ដែលបានរស់នៅជាមួយគ្នា ដោយសោកនាដកម្ម។ បន្ទាប់ពីប្តីរបស់នាងណាអូមី និងកូនប្រុសទាំងពីរនាក់របស់នាងបានស្លាប់អស់ នាងក៏បានសម្រេចចិត្តត្រឡប់ទៅស្រុកកំណើតរបស់នាង នៅភូមិបេថ្លេហិមវិញ ហើយនាងបានជម្រុញឲ្យកូនប្រសាស្រីទាំងពីរនាក់ ដែលជាស្រ្តីមេម៉ាយ បន្តរស់នៅក្នុងស្រុកម៉ូអាប់។ នាងអ័រប៉ាបានបន្តរស់នៅក្នុងស្រុកនោះទៀត តែនាងរស់បានស្បថថា នាងនឹងទៅតាមនាងណាអូម៊ីគ្រប់ទីកន្លែង គឺដូចដែលនាងបាននិយាយថា “សាសន៍របស់អ្នកម្តាយនឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្តាយនឹងបានជាព្រះរបស់ខ្ញុំដែរ”(នាងរស់ ១:១៦)។ ពេលនាងណាអូមីឃើញថា នាងរស់ “ប្តេជ្ញាចិត្តនឹងទៅតាមដូច្នោះហើយ នោះគាត់ក៏លែងនិយាយទៅ”(ខ.១៨) ហើយពួកគេក៏បានចាប់ផ្តើមចេញដំណើរជាមួយគ្នា។
ជួនកាល ភាពមានៈមានឫសគល់នៅក្នុងសេចក្តីអំណួត តែការប្តេជ្ញាចិត្តមានភាពរឹងមាំកាន់តែខ្លាំង ដោយសារសេចក្តីស្រឡាញ់។ ពេលព្រះយេស៊ូវយាងទៅរកឈើឆ្កាង “ព្រះអង្គតម្រង់ព្រះភក្ត្រ យាងឆ្ពោះត្រង់ទៅឯក្រុងយេរូសាឡិម”(លូកា ៩:៥១)។ ព្រះអង្គបានប្តេជ្ញាចិត្តថា នឹងសុគតជួសយើងរាល់គ្នា ទាល់តែបានសុគត ហើយមានព្រះជន្មឡើងវិញ ដើម្បីយើងមែន ហើយសូមឲ្យការនេះបានបណ្តាលចិត្តយើង ឲ្យប្តេជ្ញាចិត្តរស់នៅថ្វាយព្រះអង្គ។-David McCasland