
ជិតមកដល់
ដោយDavid C. McCasland
March 21, 2016
សព្វថ្ងៃនេះ យើងច្រើនតែឃើញគេផ្សាយពាណិជ្ជកម្ម អំពី “ការជិតមកដល់” នៃកម្មវិធីកម្សាន្ត ឬការប្រកួតកីឡាណាមួយ ឬក៏ការបញ្ចេញនូវបច្ចេកវិទ្យាចុងក្រោយជាដើម។ គោលដៅនៃការប្រកាសនេះ គឺដើម្បីធ្វើឲ្យប្រជាជនមានការរំពឹងរង់ចាំ ដោយចិត្តរំភើបរីករាយ ចំពោះការអ្វីដែលនឹងកើតឡើង ទោះបីជាត្រូវរង់ចំាជាច្រើនខែទៀតក៏ដោយ។ ពេលខ្ញុំអានកណ្ឌគម្ពីរវិវរណៈ ខ្ញុំមានការស្ងើចសរសើរ ចំពោះសេចក្តីបង្រៀនអំពីហេតុការណ៍ជាច្រើន ដែល“ជិតមកដល់” ដែលមានចែងក្នុងកណ្ឌនេះទំាងមូល។ បទគម្ពីរមិនបានចែងថា “ព្រះយេស៊ូវនឹងយាងមកដល់ នៅថ្ងៃណាមួយ ក្នុងពេលអនាគតដ៏វែងឆ្ងាយ” នោះឡើយ តែមានបទគម្ពីរជាច្រើន ដែលចែងថា “អស់ទាំងការ ដែលបន្តិចទៀតត្រូវកើតមានមក”(១:១) និងមានឃ្លាដែលថា “ពេលវេលានោះជិតដល់ហើយ”(ខ.៣)។ ក្នុងជំពូកចុងក្រោយនៃកណ្ឌគម្ពីរវិវរណៈ ព្រះអម្ចាស់បានមានបន្ទូលបីដងថា ព្រះអង្គនឹងមកជាឆាប់(វិវរណៈ ២២:៧,១២,២០)។ ចាប់តាំងពីពេលដែលព្រះអង្គមានបន្ទូលដូចនេះ គឺមានរយៈពេលជាង២ពាន់ឆ្នាំហើយ ដូចនេះ ពាក្យថា “នឹងមកជាឆាប់” ពិតជាពិបាកនឹងឲ្យយើងយល់ណាស់ បើតាមបទពិសោធន៍របស់យើង។ ព្រះអង្គមិនបានឲ្យយើងផ្តោតទៅលើកាលបរិច្ឆេទ នៃការយាងមកវិញរបស់ព្រះអង្គទេ ផ្ទុយទៅវិញ ព្រះអម្ចាស់បានជំរុញយើង ឲ្យផ្តោតទៅលើព្រះបន្ទូលសន្យារបស់ព្រះអង្គ ដែលនឹងបានសម្រេច។ ព្រះអង្គបានត្រាសហៅយើង ឲ្យរស់នៅថ្វាយព្រះអង្គ ក្នុងពេលបច្ចុប្បន្ន “ទាំងរង់ចាំសេចក្តីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ជាធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង”(ទីតុស ២:១៣)។-David McCasland
បទគម្ពីរប្រចាំថ្ងៃ
ទ្រង់មានព្រះបន្ទូលថា អើ អញមកជាឆាប់។-ខ.២០