លោកគ្រីស លែនហ្គិន(Chris Langan) មានកំរិតនៃបញ្ញាខ្ពស់ជាងលោកអាល់បឺត អាញស្ទាញ(Albert Eintein)។ លោកម៉ូសតាហ្វា អ៊ីសមេល(Moustafa Ismail)មានសាច់ដំដើមដៃទំហំ៧៨សង់ទីម៉ែត្រ ហើយអាចលើកទម្ងន់២៧២គីឡូក្រាម។ លោកប៊ីលហ្គេតមានទ្រព្យសម្បត្តិប្រហែលរាប់ពាន់លានដុល្លា។ អ្នកដែលមានសមត្ថភាពមិនធម្មតា ឬទ្រព្យសម្បត្តិដែលច្រើនសណ្ឋឹក អាចត្រូវអារក្សល្បួង ឲ្យមានមោទនៈភាពចំពោះខ្លួនឯងហួសហេតុពេក។ ប៉ុន្តែ យើងមិនចាំបាច់ត្រូវមានភាពឆ្លាតវ័យ មានកម្លាំង ឬទ្រព្យសម្បត្តិដ៏ច្រើនហួសប្រមាណ ដើម្បីឲ្យគេសរសើរយើង ដោយព្រោះជ័យជម្នះរបស់យើងនោះឡើយ។ ជ័យជម្នះទាំងអស់ ទោះតូចឬធំក្តី គឺសុទ្ធតែមានសំណួរមួយដូចគ្នាគឺ “តើនរណាជាអ្នកជួយឲ្យមានជ័យជម្នះ?”
ក្នុងអំឡុងពេលនៃការជំនុំជម្រះ ព្រះអម្ចាស់បានមានបន្ទូលមកកាន់ប្រជាជនអ៊ីស្រាអែល តាមរយៈលោកហោរាយេរេមាថា “កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកំឡាំងខ្លួន ឬអ្នកមាន អួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ”(យេរេមា ៩:២៣) ផ្ទុយទៅវិញ “ឯអ្នកដែលអួត នោះត្រូវឲ្យអួតតែពីសេចក្តីនេះវិញ គឺថាខ្លួនមានយោបល់ ហើយក៏ស្គាល់ដល់ព្រះអង្គ”(ខ.២៤)។ ព្រះទ្រង់សព្វព្រះទ័យឲ្យរាស្រ្តរបស់ព្រះអង្គសរសើរព្រះអង្គ និងសរសើរភាពធំប្រសើររបស់ព្រះអង្គ លើសពីអ្វីៗទាំងអស់។
បើសិនជាយើងសរសើរបំប៉ោងខ្លួនឯង នោះយើងកំពុងតែភ្លេចហើយថា “គ្រប់ទាំងរបស់ដ៏ល្អ … និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ”(យ៉ាកុប ១:១៧)។ យកល្អយើងគួរតែថ្វាយសិរីល្អដល់ព្រះវិញ គឺមិនមែនគ្រាន់តែដើម្បីកុំឲ្យចិត្តយើងមានអំណួតប៉ុណ្ណោះឡើយ តែក៏ដោយសារព្រះអង្គសក្តិសមនឹងទទួលការសរសើរ។ ព្រះអង្គជាព្រះ ដែលបាន “ធ្វើការយ៉ាងធំ រកគិតមិនយល់ជាការយ៉ាងអស្ចារ្យឥតគណនា”(យ៉ូប ៥:៩)។-Jennifer Benson Schuldt