ថ្មីៗនេះ ពេលខ្ញុំនៅទីក្រុងឡុង ខ្ញុំបានសម្រេចចិត្តធ្វើដំណើរតាមរថភ្លើងក្រោមដី។ ដូចនេះ ខ្ញុំក៏បានបង់ថ្លៃសំបុត្រជិះរថភ្លើង ហើយដើរចុះទៅស្ថានីយក្រោមដី នៅទីក្រុងឡុងដើម្បីឡើងជិះរថភ្លើង។ ប៉ុន្តែ ការចាកចេញពីស្ថានីយ អាចជាបទពិសោធន៍ដ៏គួរឲ្យភ័យខ្លាច សម្រាប់អ្នកដែលមិនយល់អំពីប្រព័ន្ធផ្លូវដែកក្រោមដីនោះ។ បើអ្នកមិនអាចរកច្រកចេញឃើញទេ អ្នកងាយនឹងវង្វេង នៅក្នុងផ្លូវក្រោមដី។
ការនៅម្នាក់ឯង ក្នុងផ្លូវក្រោមដី ដែលមិនសូវមានមនុស្ស អាចធ្វើឲ្យយើងមានអារម្មណ៍ពិបាកណាស់ ដូចនេះ អ្នកក៏មិនចង់វង្វេងនៅទីនោះដែរ។ ប៉ុន្តែ បើសិនជាអ្នកឃើញផ្លាកសញ្ញា ដែលគេសរសេរថា “ច្រកចេញ” ហើយដើរតាមផ្លូវនោះ ទៅរកកន្លែងសុវត្ថិភាព នោះជាការប្រសើរណាស់។
សាវ័កប៉ុលបានរំឭកយើងថា ពេលដែលយើងងាយនឹងធ្លាក់ចូលក្នុងអំពើបាប “ព្រះទ្រង់ក៏ស្មោះត្រង់ដែរ ទ្រង់មិនឲ្យកើតមានសេចក្តីល្បួងហួសកំឡាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន”(១កូរិនថូស ១០:១៣)។ យើងងាយនឹងសន្និដ្ឋានថា ព្រះមិនបានគង់នៅជាមួយយើងទេ ពេលដែលយើងត្រូវល្បួង។ ប៉ុន្តែ បទគម្ពីរនេះបានធានាចំពោះយើងថា ព្រះអង្គមានព្រះវត្តមានជានិច្ច ហើយក៏មិនឈរមើលយើងដែរ។ ផ្ទុយទៅវិញ ព្រះអង្គប្រទានឲ្យយើងមានផ្លូវចេញ ដើម្បីឲ្យយើងអាចទ្រាំអត់នឹងការលំបាកនោះ។
ដូចនេះ ពេលដែលអ្នកមានអារម្មណ៍ថា ខ្លួនកំពុងត្រូវល្បួង នោះសូមចាំថា អ្នកនៅមានទីពឹងជានិច្ច។ ព្រះទ្រង់ប្រទានឲ្យយើងមាន “ច្រកចេញ”! ចូរស្វែងរកច្រកចេញ ក្នុងព្រះអង្គ ហើយដើរតាមច្រកនោះ ទៅរកកន្លែងសុវត្ថិភាពចុះ។-Joe Stowell