
នៅផ្ទៃខាងលើ
ដោយPhilip Yancey
May 16, 2016
មនុស្សលោកកំពុងឈរជើងម្ខាងនៅលើភាពពិតដែលមើលឃើញ ដែលជាពិភពធម្មជាតិ ហើយម្ខាងទៀតឈរនៅលើភាពពិតដែលមើលមិនឃើញ ដែលជាពិភពអធិធម្មជាតិ។ ខ្ញុំបានគិតអំពីពិភពទាំងពីរនេះ ពេលដែលខ្ញុំជិះទូក ទៅមើលត្រីបាឡែន នៅក្បែរឆ្នេរសមុទ្រនៃប្រទេសញូហ្សៀឡិន។ សត្វត្រីបាឡែនបណ្តែតខ្លួនសម្រាក នៅលើផ្ទៃទឹកមួយរយៈពេល បន្ទាប់មកក៏ដកយកខ្យល់ដង្ហើមពីរបីដង។ ការដកដង្ហើមរបស់វា មានការបាញ់ទឹកសាចទៅលើ គឺពិតជាគួរឲ្យចង់គយគន់ណាស់ បន្ទាប់មក វាក៏បានជ្រមុជក្បាលចុះទៅរកទឹកជ្រៅ ដែលមានជម្រៅជាង១គីឡូម៉ែត្រកន្លះ ដើម្បីស៊ីសត្វមឹកជាអាហារ។ ទោះបីជាវាមានជម្រកដ៏ល្អ ក្នុងទឹកជ្រៅ ដែលមានរុក្ខជាតិ និងសត្វសមុទ្រជាច្រើនក៏ដោយ ក៏វាត្រូវតែឡើងមកផ្ទៃទឹកខាងលើ ដើម្បីដកយកខ្យល់ដង្ហើម ពុំនោះទេវានឹងស្លាប់ជាមិនខាន។ ទោះបីជាវាមិនសូវដឹងអំពីពិភពលោក ដែលនៅខាងលើផ្ទៃទឹកក៏ដោយ ក៏វានៅតែត្រូវការការទាក់ទងដ៏សំខាន់ នឹងពិភពខាងក្រៅនោះ ដើម្បីមានជីវិតរស់នៅ។ ជួនកាល ខ្ញុំក៏មានអារម្មណ៍ថា ខ្លួនឯងមិនខុសពីសត្វត្រីបាឡែនទេ គឺខ្ញុំត្រូវឡើងទៅរកខ្យល់ខាងវិញ្ញាណជាទៀងទាត់ ដើម្បីរស់នៅក្នុងជីវិតខាងវិញ្ញាណ។ ប៉ុន្តែ គ្មានការបែងចែកដាច់ស្រេច រវាងពិភពធម្មជាតិ និងពិភពអធិធម្មជាតិឡើយ។ យើងសព្វថ្ងៃកំពុងរស់នៅ ក្នុងពិភពលោក ដែលយើងមិនអាចជៀសផុតពីពិភពទាំងពីរបានឡើយ។ ក្នុងនាមជាគ្រីស្ទបរិស័ទ ខ្ញុំអធិស្ឋាន ថ្វាយបង្គំព្រះ បង្ហាញសេចក្តីស្រឡាញ់ ដល់អ្នកជម្ងឺ អ្នកទាល់ក្រ និងអ្នកដែលជាប់ឃុំ ដែលនេះជាកិច្ចការ ដែលទាក់ទងនឹងពិភពអធិធម្មជាតិផង និងពិភពធម្មជាតិផង។ ព្រះដែលបានបង្កើតពិភពលោក ដែលយើងអាចមើលឃើញ បានទ្រទ្រង់ពិភពលោកយ៉ាងសកម្ម ហើយបានបង្កើតផ្លូវ សម្រាប់ឲ្យយើងចូលទៅរកព្រះអង្គទ្រង់ ដែលយើងមើលមិនឃើញ។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា “រីឯអ្នករាល់គ្នា ដែលពីដើមត្រូវពង្រាត់ចេញ ហើយជាខ្មាំងសត្រូវក្នុងគំនិត ដោយអំពើអាក្រក់នោះ ឥឡូវនេះវិញ ទ្រង់បានផ្សះផ្សាក្នុងរូបសាច់ទ្រង់ ដោយបានទទួលសុគត”(កូល៉ុស ១:២១-២២)។ សកម្មភាពទាំងអស់របស់យើង សុទ្ធតែប្រព្រឹត្តទៅក្នុងពិភពដែលយើងអាចប៉ះ អាចធំក្លិន និងអាចមើលឃើញ។ តែព្រះអាទិករ ដែលបានបង្កើត និងទ្រទ្រង់របស់សព្វសារពើ បានប្រទានផ្លូវមួយ សម្រាប់ឲ្យយើងដកដង្ហើមខាងវិញ្ញាណ ដែលយើងត្រូវការ ដោយខ្វះមិនបាន។-Philip Yancey
បទគម្ពីរប្រចាំថ្ងៃ
ដ្បិតគឺទ្រង់ហើយ ដែលបង្កើតគ្រប់ទាំងអស់ ទាំងរបស់នៅស្ថានសួគ៌ និងនៅផែនដី ទាំងរបស់ដែលមើលឃើញ ហើយដែលមើលមិនឃើញផង។ -ខ.១៦