
យុថ្កា ពេលមានខ្យល់ព្យុះ
ដោយAnne Cetas
May 20, 2016
ពេលដែលលោកម៉ាត(Matt) និងអ្នកស្រីយេស៊ីកា(Jessica) ព្យាយាមបើកទូកក្តោងចូលតាមដៃសមុទ្រ នៃរដ្ឋផ្លូរីដា ក្នុងអំឡុងពេលខ្យល់ព្យុះស៊ែនឌី ទូកក្តោងរបស់ពួកគេក៏បានជាប់គឿង។ ពេលដែលមានទឹករលកធំៗបក់បោកមក នៅជុំវិញខ្លួនពួកគេ ពួកគេក៏បានប្រញាប់ទម្លាក់យុថ្កា។ យុថ្កានោះបានជួយទប់ទូកក្តោងឲ្យនៅនឹងមួយកន្លែង ទំរំាតែក្រុមជួយសង្រ្គោះមកដល់។ ពួកគេបាននិយាយថា បើសិនជាពួកគេមិនបានទម្លាក់យុថ្កាទេ ពួកគេមុខជាបាត់បង់ទូកក្តោងនោះមិនខាន។ បើគ្មានយុថ្កានោះទេ ទឹករលកដ៏សាហាវប្រាកដជាបោកទូកផ្ទប់នឹងច្រាំងហើយ។ យ៉ាងណាមិញ យើងត្រូវការយុថ្កា ដែលជួយទប់យើងយ៉ាងមានសុវត្ថិភាព ក្នុងជីវិតខាងវិញ្ញាណផងដែរ។ ពេលព្រះត្រាសហៅលោកយ៉ូស្វេ ឲ្យដឹកនាំរាស្ត្ររបស់ព្រះអង្គ បន្ទាប់ពីលោកម៉ូសេបានទទួលមរណៈភាព ព្រះអង្គបានប្រទានព្រះបន្ទូលសន្យា ជាយុថ្កា ដែលគាត់អាចពឹងផ្អែកបាន ក្នុងពេលមានបញ្ហា។ គឺដូចដែលព្រះអម្ចាស់មានបន្ទូលមកគាត់ថា ព្រះអង្គមិនដែលខាននឹងប្រោសគាត់ ក៏មិនដែលបោះបង់ចោលគាត់ឡើយ … ដ្បិតព្រះយេហូវ៉ាជាព្រះនៃគាត់ ទ្រង់គង់ជាមួយនៅកន្លែងណាដែលគាត់ទៅ(យ៉ូស្វេរ ១:៥-៩)។ ព្រះអង្គក៏បានប្រទាន “ក្រឹត្យវិន័យ” សម្រាប់ឲ្យលោកយ៉ូស្វេ និងរាស្រ្តរបស់ព្រះអង្គ សិក្សា និងអនុវត្តតាមផងដែរ(ខ.៧-៨)។ ដូចនេះ ព្រះវត្តមានព្រះជាយុថ្កា ដែលពួកអ៊ីស្រាអែលអាចពឹងផ្អែក ពេលដែលពួកគេជួបឧបស័គ្គជាច្រើន នៅខាងមុខ។ ពេលដែលយើងកំពុងតែមានទុក្ខលំបាក ឬពេលដែលការសង្ស័យកំពុងតែគំរាមកំហែងសេចក្តីជំនឿរបស់យើង តើយើងមានអ្វីជាយុថ្កា? យើងអាចរកឃើញចម្លើយ សម្រាប់សំណួរនេះ ក្នុងបទគម្ពីរ យ៉ូស្វេ ១:៥។ ទោះបីជាយើងប្រហែលជាមានអារម្មណ៍ថា ខ្លួនមានសេចក្តីជំនឿខ្សោយក៏ដោយ ព្រះអង្គនឹងនៅតែជួយទប់យើងឲ្យជាប់ ប្រកបដោយសុវត្ថិភាព បើសិនជាសេចក្តីជំនឿយើងបានបោះយុថ្កា នៅក្នុងព្រះបន្ទូលសន្យា និងព្រះវត្តមានព្រះ។-Anne Cetas
បទគម្ពីរប្រចាំថ្ងៃ
ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយនៅកន្លែងណា ដែលឯងទៅផង។-ខ.៩