
ការភ្លេចដ៏មានពរ
ដោយJulie Ackerman Link
May 26, 2016
ខ្ញុំមានបន្ទប់ធ្វើការនៅជាន់ក្រោម តែជាញឹកញាប់ ខ្ញុំច្រើនតែឡើងទៅជាន់លើ ដើម្បីយករបស់របរនៅ។ គួរឲ្យស្តាយណាស់ ពេលខ្ញុំឡើងដល់លើ ខ្ញុំស្រាប់តែភ្លេចថា ខ្លួនឯងឡើងមកខាងលើធ្វើអ្វីទេ។ លោកគេព្រីល រ៉ាវ៉ានស្គី(Gabriel Radvansky) ដែលជាអ្នកស្រាវជ្រាវ មានការបកស្រាយមួយ អំពីបាតុភូតនេះ។ គាត់លើកឡើងថា ក្នុងបាតុភូតនេះ ច្រកទ្វាររបស់បន្ទប់នីមួយៗ នៅក្នុងផ្ទះ បានធ្វើជា “ព្រំដែន ដែលចែកខ័ណ្ឌព្រឹត្តិការណ៍ផ្សេងៗចេញពីគ្នា”។ បន្ទាប់ពីបានធ្វើការពិសោធន៍នៅបីកន្លែងខុសគ្នា គាត់ក៏បានបង្កើតទ្រឹស្តីមួយ ដោយសន្និដ្ឋានថា ពេលយើងដើរចូលតាមច្រកទ្វារ ខួរក្បាលក៏បានទទួលសញ្ញា ឲ្យប្រមូលពត៌មានដែលមានក្នុងការចងចាំនោះ ទៅដាក់ក្នុងថតនៃការចងចាំដាច់ដោយឡែកពីគ្នា។ តែខ្ញុំមានការនឿយណាយណាស់ ពេលដែលខ្ញុំចូលដល់បន្ទប់ខាងលើហើយ បែរជាត្រូវខំរកនឹកថា ខ្លួនឯងឡើងមកខាងលើដើម្បីអ្វី។ ទោះជាយ៉ាងណាក៏ដោយ ការភ្លេចច្រើន អាចជាព្រះពរ។ ពេលខ្ញុំបិទទ្វារបន្ទប់ ចូលគេងនៅពេលយប់ ខ្ញុំអាចគេងលក់ស្រួល បើសិនជាខ្ញុំភ្លេចរឿងរ៉ាវដែលបានកើតឡើងពីពេលថ្ងៃ ហើយខ្ញុំរាប់ការភ្លេចដូចនេះជាព្រះពរ។ ជាការពិតណាស់ ព្រះយេស៊ូវបានមានបន្ទូលថា ព្រះអង្គជា “ទ្វារចៀម”(យ៉ូហាន ១០:៧,៩)។ ពេលសត្វចៀមចូលក្នុងក្រោល គឺពួកវាបានចូលកន្លែងដែលមានសុវត្ថិភាព ដែលការពារមិនឲ្យចោរ និងសត្វសាហាវចូល។ សម្រាប់អ្នកជឿព្រះ អ្នកគង្វាលដ៏អស្ចារ្យនៃយើង ជាទ្វារដែលការពារយើងឲ្យរួចពីខ្មាំងសត្រូវដែលនៅខាងក្រៅ។ ពេលដែលយើងចូលទៅក្នុងក្រោលចៀម យើងអាច “បំភ្លេច” គ្រោះថ្នាក់ និងការគំរាមកំហែងទាំងអស់។ យើងអាចអរសប្បាយនឹងការដែលព្រះអង្គជួយឲ្យយើងបំភ្លេច និងសម្រាក ក្នុងការការពាររបស់អ្នកគង្វាលដ៏អស្ចារ្យ។-Julie Ackerman Link
បទគម្ពីរប្រចាំថ្ងៃ
ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ នេះនឹងបានសង្គ្រោះ រួចនឹងចេញចូល ហើយនឹងរកបានវាលស្មៅដ៏ស្រួល។-ខ.៩