សដូចព្រឹល
ថ្ងៃមួយ ខ្ញុំបានបើកឡានទៅទទួលចៅប្រុសរបស់ខ្ញុំ ចេញពីសាលារៀន។ ពេលយើងកំពុងធ្វើដំណើរតាមផ្លូវត្រឡប់មកផ្ទះវិញ ព្រឹលក៏បានចាប់ផ្តើមធ្លាក់។ ព្រឹលដែលមានពណ៌សក្បោះដូចសំឡី បានធ្លាក់ចុះមកយ៉ាងលឿន ឥតឈប់ឈរ។ ទីបំផុត ខ្ញុំក៏បានបន្ថយល្បឿនឈប់ ដោយសារការស្ទះចរាចរណ៍។ យើងក៏បានមើលពីខាងក្នុងឡានរបស់យើង ឃើញការផ្លាស់ប្តូរកើតឡើងនៅខាងក្រៅ។ ផ្ទៃដីពណ៌ក្រម៉ៅ បានប្រែក្លាយជាពណ៌ស។ ព្រឹលបានលប់ជ្រុងអគារស្រួចៗ ហើយគ្របដណ្តប់ពីលើឡានដែលនៅក្បែរយើង និងពីលើដើមឈើដែលយើងបានឃើញផង។ ការធ្លាក់ព្រឹលនេះបានរំឭកខ្ញុំ អំពីសេចក្តីពិតខាងវិញ្ញាណ។ ព្រះគុណរបស់ព្រះបានគ្របបាំងអំពើបាបរបស់យើង ដូចព្រឹលដែលបានគ្របពីលើអ្វីៗដែលនៅចំពោះមុខយើង។ ប៉ុន្តែ ព្រះគុណមិនគ្រាន់តែបានគ្របបាំងអំពើបាបប៉ុណ្ណោះទេ តែថែមទាំងបានលប់អំពីបាបរបស់យើងទៀតផង។ ព្រះអម្ចាស់បានមានបន្ទូលទៅកាន់ប្រជាជនអ៊ីស្រាអែល តាមរយៈហោរាអេសាយថា “មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀម(ឬព្រឹល)វិញ”(អេសាយ ១:១៨)។ នេះជាព្រះបន្ទូលសន្យារបស់ព្រះអង្គ ពេលដែលកូនរបស់ព្រះអង្គមានបញ្ហានៃអំពើបាបដ៏គួរឲ្យឈឺចាប់។ ព្រះអង្គក៏បានប្រៀបប្រដូចពួកគេ ទៅនឹងរូបកាយដែល “មានសុទ្ធតែរបួស និងជាំ ហើយស្នាមរំពាត់ថ្មី ឥតបានបិទភ្ជិត ឬរុំ ឬចាក់ប្រេងឲ្យធូរស្រាកទេ”(ខ.៦)។ ព្រះអង្គសព្វព្រះទ័យនឹងប្រទានព្រះគុណដល់ពួកគេ ទោះអំពើបាបរបស់ពួកគេប្រែជាអាក្រក់យ៉ាងណាក៏ដោយ។ សព្វថ្ងៃនេះ ក្នុងនាមជាកូនរបស់ព្រះអង្គ យើងក៏មានការធានាដូចពួកអ៊ីស្រាអែលផងដែរ។ អំពើបាបធ្វើឲ្យជីវិតយើងប្រឡាក់ប្រឡូក តែពេលដែលយើងប្រែចិត្ត ហើយលន់តួអំពើបាបយើង ព្រះអង្គប្រទានការអត់ទោសបាប តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់(អេភេសូរ ១:៧)។-Jennifer…
Read article