
គ្រឹះរបស់យើង
ដោយDennis Fisher
August 20, 2016
នៅទីក្រុងបាវ៉ារា(Bavaria) នៃប្រទេសអាឡឺម៉ង់ សង្កាត់ណូតលីងជិនមានលក្ខណៈពិសេសខុសគេ។ វាមានទីតាំង នៅត្រង់ចំណុចកណ្តាលនៃតំបន់រេស ក្រេធ័រ ដែលជាទំនាប ដែលមានសណ្ឋានដីដូចបាតខ្ទះដ៏ធំ ដែលជាស្នាមរណ្តៅអាច់ម៍ផ្កាយយក្ស ដែលបានធ្លាក់តាំងពីយូរណាស់មកហើយ។ កម្លាំងធ្លាក់ដ៏ខ្លាំងមហិមារបស់អាច់ម៍ផ្កាយនោះ បានបណ្តាលឲ្យកើតមានថ្មគ្រីស្តាល់ចម្លែកៗ និងគ្រាប់ពេជ្យតូចល្អិតរាប់លាន។ ក្នុងសតវត្សរ៍ទី១៣ ថ្មដែលចាំងផ្លេកៗទាំងនោះ ត្រូវបានគេប្រើប្រាស់ ក្នុងការសាងសង់ព្រះវិហារសេន ចច។ អ្នកដែលមកទស្សនាព្រះវិហារនោះ អាចឃើញគ្រីស្តាល់ដ៏ស្រស់ស្អាត ដែលបានបង្កប់នៅក្នុងគ្រឹះ និងជញ្ជាំងនៃព្រះវិហារ។ អ្នកខ្លះនិយាយថា ព្រះវិហារនោះមានគ្រឹះស្អាត ដូចនៅស្ថានសួគ៌។ ព្រះយេស៊ូវបានយាងចុះពីស្ថានសួគ៌ មកក្នុងលោកិយនេះ(យ៉ូហាន ៣:១៣)។ ពេលព្រះអង្គយាងត្រឡប់ទៅនគរស្ថានសួគ៌វិញ បន្ទាប់ពីព្រះអង្គសុគត និងមានព្រះជន្មឡើងវិញ ព្រះអង្គបានឲ្យអ្នកដើរតាមព្រះអង្គ ធ្វើជា “ព្រះវិហារដ៏រស់” របស់ព្រះ ដែលមានព្រះអង្គជាគ្រឹះ។ សាវ័កប៉ុលបានមានប្រសាសន៍ថា “ដ្បិតគ្មានអ្នកណាអាចនឹងដាំជើងជញ្ជាំងណាផ្សេងទៀត ក្រៅពីជើងដែលបានដាំរួចហើយនោះបានទេ គឺជាព្រះយេស៊ូវគ្រីស្ទ”(១កូរិនថូស ៣:១១)។ ព្រះវិហារដែលនៅក្រុងបាវ៉ារា ត្រូវបានសាងសង់ឡើង ពីបំណែកនៃថ្មដែលបានធ្លាក់ចុះពីលើមេឃមក។ ប៉ុន្តែ អ្នកជឿព្រះគ្រីស្ទគ្រប់រូប ជាព្រះវិហារខាងវិញ្ញាណ ដែលត្រូវបានសង់ឡើង នៅលើគ្រឹះដែលមកពីស្ថានសួគ៌ គឺអង្គព្រះយេស៊ូវគ្រីស្ទ(អេសាយ ២៨:១៦ ១កូរិនថូស ១០:៣-៤)។ សូមសរសើរដំកើងព្រះ ដែលបានប្រទានសេចក្តីសង្រ្គោះដល់យើងយ៉ាងជាក់ច្បាស់ តាមរយៈការអ្វីដែលព្រះយេស៊ូវបានធ្វើ។-Dennis Fisher
បទគម្ពីរប្រចាំថ្ងៃ
ដ្បិតគ្មានអ្នកណាអាចនឹងដាំជើងជញ្ជាំងណាផ្សេងទៀត ក្រៅពីជើងដែលបានដាំរួចហើយនោះបានទេ គឺជាព្រះយេស៊ូវគ្រីស្ទ។-ខ.១១