
ការសារភាពអំពើបាប
ដោយJulie Ackerman Link
September 19, 2016
យើងមានចំណុចដែលចង់ឲ្យគេដឹង តែយើងក៏មានចំណុចដែលខ្លាចគេដឹងផងដែរ។ បញ្ហានេះ ស្ថិតក្នុងចំណោមការប្រទាញប្រទុងដ៏ពិបាកបំផុត នៅក្នុងចិត្តរបស់យើង។ ក្នុងនាមយើងជាជីវិតដែលព្រះបានបង្កើត ឲ្យមានរូបដូចព្រះអង្គ ព្រះអង្គស្គាល់យើងគ្មានកន្លែងចន្លោះទេ។ ប៉ុន្តែ ដោយសារនិស្ស័យបាបរបស់យើង នោះយើងគ្រប់គ្នាមានអំពើបាប និងភាពកម្សោយ ដែលយើងមិនចង់ឲ្យអ្នកដទៃដឹងទេ។ ភាពងងឹតនៃជីវិតយើង គឺជាផ្នែកនៃជីវិតយើង ដែលយើងបានលាក់បាំងមិនឲ្យគេដឹង។ ហើយយើងក៏ចង់ឲ្យអ្នកដទៃបង្ហាញចេញ នូវចំណុចល្អបំផុតរបស់ពួកគេផងដែរ។ មូលហេតុដែលយើងមិនចង់ឲ្យគេដឹង អំពីចំណុចមិនល្អរបស់យើង មកពីយើងខ្លាចគេបដិសេធ និងសើចចម្អកឲ្យយើង។ ប៉ុន្តែ យើងនឹងលែងខ្លាចព្រះអង្គដឹងអំពីចំណុចមិនល្អរបស់យើង ពេលដែលយើងដឹងថា ព្រះទ្រង់ស្គាល់យើង ស្រឡាញ់យើង ហើយព្រមអត់ទោសឲ្យយើង ទោះបីជាយើងបានធ្វើខុសធ្ងន់យ៉ាងណាក៏ដោយ។ ហើយពេលដែលយើងបានប្រកបជាមួយពួកជំនុំដែលយល់អំពីទំនាក់ទំនងដ៏មានអំណាច រវាងការអត់ទោស និងការលន់តួបាប យើងក៏លែងមានការភ័យខ្លាច ក្នុងការសារភាពអំពើបាបរបស់យើង ចំពោះគ្នាទៅវិញទៅមក(យ៉ាកុប ៥:១៦)។ ក្នុងជីវិតខាងសេចក្តីជំនឿ យើងមិនគ្រាន់តែបង្ហាញចំណុចល្អរបស់យើងប៉ុណ្ណោះទេ។ យើងក៏បង្ហាញចំណុចងងឹតរបស់យើង ក្នុងពន្លឺនៃព្រះគ្រីស្ទ តាមរយៈការសារភាពបាបចំពោះព្រះ និងចំពោះអ្នកដទៃ។ ការអនុវត្តដូចនេះ អាចជួយឲ្យយើងទទួលការប្រោសឲ្យជា និងរស់នៅ ក្នុងសេរីភាព នៃការអត់ទោសបាប។-Julie Ackerman Link
បទគម្ពីរប្រចាំថ្ងៃ
ទូលបង្គំបានរ៉ាប់ទទួលអំពើបាបរបស់ ទូលបង្គំនៅចំពោះទ្រង់ … ទូលបង្គំបាននិយាយថា “ទូលបង្គំនឹងលន់តួអស់ទាំង ការរំលងរបស់ទូលបង្គំដល់ព្រះយេហូវ៉ា” ឯទ្រង់ក៏បានអត់ទោសចំពោះអំពើបាបនៃទូលបង្គំទៅ។-ទំនុកដំកើង ៣២:៥