
ការចាប់ផ្តើមជាថ្មី
ដោយDavid C. McCasland
September 29, 2016
ប្រទេសជាច្រើនបានបង្កើតច្បាប់សុខាភិបាល ដែលហាមមិនឲ្យគេយកពូកចាស់ៗ ទៅលក់ ឬប្រើឡើងវិញ ហើយតម្រូវឲ្យបោះចោលដូចសំរាម។ លោកធីម ឃីណាន(Tim Keenan) ក៏បានដោះស្រាយបញ្ហានេះ ហើយសព្វថ្ងៃនេះ មុខជំនួញរបស់គាត់បានជួលមនុស្សជាង១០នាក់ ឲ្យប្រមូលទុកនូវគ្រឿងផ្សំនីមួយៗ របស់ពូកចាស់ៗ ដែលមានដូចជា ដែក ក្រណាត់ និងអេប៉ុង សម្រាប់កែច្នៃឡើងវិញ។ ប៉ុន្តែ រឿងនេះមិនមែនមានតែប៉ុណ្ណេះទេ។ លោកប៊ីល វ៉ូគ្រីន(Bill Vogrin) ដែលជាអ្នកកាសែតបានសរសេរថា “លោកឃីណានយកទៅកែច្នៃគ្រឿងទាំងអស់នោះឡើងវិញ … តែគាត់មានជោគជ័យបំផុត នៅក្នុងការកែច្នៃមនុស្ស”(ដកស្រង់ចេញពីកាសែត ខូឡូរ៉ាដូ ស្ព្រីង)។ លោកឃីណាន បានជួលពួកប្រុសៗ ដែលចេញពីមន្ទីកែប្រែ និងអ្នកដែលរស់នៅតាមជញ្ចើមថ្នល់ ឲ្យពួកគេមានការងារធ្វើ និងមានឱកាសជាលើកទីពីរ។ គាត់មានប្រសាសន៍ថា “យើងបានជួលមនុស្ស ដែលគេមិនចង់រាប់រក ឲ្យធ្វើការជាមួយយើង”។ បទគម្ពីរលូកា ៥:១៧-២៦ បាននិយាយ អំពីការដែលព្រះយេស៊ូវបានប្រោសរូបកាយ និងវិញ្ញាណរបស់ជនពិការម្នាក់។ បន្ទាប់ពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានកើតឡើងហើយ លោកលេវីបានឆ្លើយតបការត្រាសហៅរបស់ព្រះយេស៊ូវ ឲ្យដើរតាមព្រះអង្គ ហើយបន្ទាប់មក គាត់ក៏បានអញ្ជើញមិត្តភ័ក្តិរបស់គាត់ដែលជាពួកយកពន្ធដូចគ្នា និងមិត្តភ័ក្តិដទៃទៀត ឲ្យមកជប់លៀង ដើម្បីជាការគោរពដល់ព្រះអម្ចាស់(ខ.២៧-២៩)។ ពេលដែលអ្នកខ្លះបានចោទព្រះយេស៊ូវថា បានសោយអាហារជាមួយពួកអ្នកយកពន្ធ និងមនុស្សមានបាប(ខ.៣០) ព្រះអង្គក៏បានរំឭកពួកគេថា មនុស្សដែលមានសុខភាពល្អ មិនត្រូវការគ្រូពេទ្យទេ ហើយមានបន្ទូលទៀតថា ព្រះអង្គមិនបានមកហៅពួកមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឲ្យគេប្រែចិត្តវិញ(ខ.៣២)។ សម្រាប់អ្នកដែលមានអារម្មណ៍ថា “ត្រូវគេបោះបង់ចោល” ដូចសំរាម នោះព្រះយេស៊ូវរង់ចាំទទួលពួកគេ ដោយព្រះហស្តនៃសេចក្តីស្រឡាញ់ ហើយប្រទាននូវការចាប់ផ្តើមជីវិតជាថ្មី។ ហេតុនេះហើយបានជាព្រះអង្គបានយាងចុះមក ក្នុងលោកិយនេះ!-David McCasland
បទគម្ពីរប្រចាំថ្ងៃ
តែព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ពួកអ្នកជាមិនត្រូវការនឹងគ្រូពេទ្យទេ ត្រូវការតែពួកអ្នកដែលឈឺប៉ុណ្ណោះ។-៥:៣១