
ស្រមោល
ដោយMart Dehaan
October 28, 2016
ថ្ងៃមួយ ខ្ញុំមានអារម្មណ៍ថា មាននរណាម្នាក់កំពុងដើរតាមពីក្រោយខ្ញុំ។ ពេលខ្ញុំកំពុងដើរតាមផ្លូវដើរនៅក្រៅបន្ទប់ ដែលមិនសូវមានពន្លឺ ខ្ញុំក៏បានបត់តាមជ្រុងបន្ទប់ ទៅរកជណ្តើរឡើងជាន់លើ ហើយខ្ញុំក៏ឈរត្រឹងនៅមួយកន្លែង ដោយសារខ្ញុំភ្ញាក់នឹងអ្វីដែលខ្ញុំឃើញដើរតាមខ្ញុំ។ ពីរបីថ្ងៃក្រោយមក រឿងនេះក៏បានកើតឡើងម្តងទៀត ពេលខ្ញុំដើរនៅខាងក្រោយហាងកាហ្វេ ដែលខ្ញុំចូលចិត្ត ហើយក៏បានឃើញរូបរាង្គមនុស្សមាឌធំម្នាក់ កំពុងដើរមករកខ្ញុំ។ ប៉ុន្តែ ហេតុការណ៍ទាំងពីរលើកនេះ សុទ្ធតែបានបញ្ចប់ទៅវិញដោយការញញឹម ពេលដែលខ្ញុំដឹងថា តាមពិតវាគ្រាន់តែជាស្រមោលរបស់ខ្ញុំសោះ គឺគ្មានអ្វីដែរគួរឲ្យខ្លាចទេ។ លោកហោរាយេរេមា បានមានប្រសាសន៍ អំពីភាពខុសគ្នា រវាងការភ័យខ្លាចពិតប្រាកដ និងការភ័យខ្លាចក្នុងក្តីស្រមៃ។ មនុស្សមួយក្រុម ដែលជាបងប្អូនរួមជាតិរបស់គាត់ បានសួរគាត់ថា តើព្រះអម្ចាស់សព្វព្រះទ័យ ឲ្យពួកគេបន្តរស់នៅ ក្នុងទីក្រុងយេរូសាឡិម ឬរត់គេច ទៅនគរអេស៊ីព្ទ ដ្បិតពួកគេភ័យខ្លាចស្តេចនៃចក្រភពបាប៊ីឡូន(យេរេមា ៤២:១-៣)។ លោកយេរេមា បានប្រាប់ពួកគេថា បើសិនជាពួកគេបន្តនៅក្រុងយេរូសាឡិមទៀត ហើយទុកចិត្តព្រះ នោះពួកគេមិនចាំបាច់ត្រូវមានការភ័យខ្លាចទេ(ខ.១០-១២)។ ប៉ុន្តែ បើពួកគេរត់គេចទៅនគរអេស៊ីព្ទ ស្តេចបាប៊ីឡូន នឹងតាមរកពួកគេឃើញ(ខ.១៥-១៦)។ ក្នុងពេលដែលមានការភ័យខ្លាច ចំពោះគ្រោះថ្នាក់ដែលនឹងកើតមាន ព្រះទ្រង់បានប្រាប់ពួកអ៊ីស្រាអែល អំពីមូលហេតុដែលពួកគេអាចបន្តនៅទីក្រុងយេរូសាឡិម ដោយទុកចិត្តព្រះអង្គ។ ព្រោះកាលពីមុន ព្រះអង្គបានរំដោះពួកគេ ឲ្យរួចពីនគរអេស៊ីព្ទម្តងមកហើយ ដូចនេះ ព្រះអង្គក៏អាចរំដោះពួកគេឲ្យរួចពីចក្រភពបាប៊ីឡូនផងដែរ។ ជាច្រើនសតវត្សរ៍ក្រោយមកទៀត ព្រះម៊ែស៊ីដែលពួកគេបានរង់ចាំតាំងពីយូរមកហើយ បានយាងមកប្រសូត្រ ហើយបានសុគត ដើម្បីលោះបាបយើង ដើម្បីរំដោះយើងឲ្យរួចពីអំពើបាប និងការភ័យខ្លាចសេចក្តីស្លាប់។ សូមឲ្យព្រះដ៏មានចេស្តាទ្រង់បង្ហាញយើង ពីរបៀបរស់នៅក្នុងសុវត្ថិភាពនៃស្រមោលរបស់ទ្រង់ ជាជាងរស់នៅក្នុងស្រមោលនៃការភ័យខ្លាច ដែលយើងចេះតែស្រមៃឃើញ។-Mart Dehhaan
បទគម្ពីរប្រចាំថ្ងៃ
ព្រះយេហូវ៉ាទ្រង់ជាពន្លឺ ហើយជាសេចក្តី សង្គ្រោះរបស់ខ្ញុំ តើខ្ញុំនឹងត្រូវខ្លាចចំពោះអ្នកណា?-ទំនុកដំកើង ២៧:១