
ខំធ្វើការដើម្បីខ្យល់
ដោយJennifer Benson Schuldt
October 27, 2016
មានពេលមួយ លោកហោវើត លេវីត(Howard Levitt) បានបាត់បង់ឡានហ្វារ៉ារីរបស់គាត់ ដែលមានតម្លៃ២០ម៉ឺនដុល្លា នៅក្នុងទឹកជំនន់ដែលជន់លិចផ្លូវធំនៅក្រុងតូរុនតូ។ ពីដំបូងគាត់បានបើកបរ កាត់តាមផ្លូវលិចទឹក ដែលហាក់ដូចជារាក់ទេ តែមិនយូរប៉ុន្មាន គាត់ក៏បានដឹងថា ទឹកបានជន់ឡើងយ៉ាងលឿន ហើយជ្រៅជាងការស្មានរបស់គាត់ទៅទៀត។ ពេលទឹកឡើងលិចកង់ឡានគាត់ ម៉ាស៊ីនឡានរបស់គាត់ ដែលមានកំឡាំង៤៥០សេះ ក៏បានរលត់។ តែអរព្រះគុណព្រះអង្គ គាត់អាចគេចចេញពីឡាន ហើយរត់ឡើងទួលដោយសុវត្ថិភាព។ ឡានស្ព័ររបស់លោកហោវើត ដែលបានលិចទឹកនោះ បានរំឭកខ្ញុំ អំពីការដែលស្តេចសាឡូម៉ូនបានមានបន្ទូលថា “ទ្រព្យសម្បត្តិនោះរមែងបាត់ទៅ ដោយគ្រោះអាក្រក់ណាមួយ”(សាស្តា ៥:១៤)។ គ្រោះធម្មជាតិ ចោរ និងគ្រោះថ្នាក់ អាចឆក់យករបស់ទ្រព្យរបស់យើង។ ទោះបីជាយើងព្យាយាមការពារទ្រព្យសម្បត្តិយើងក៏ដោយ ក៏យើងមិនអាចស្ពាយយកទៅស្ថានសួគ៌បានដែរ(ខ.១៥)។ សេ្តចសាឡូម៉ូនបានចោទជាសំណួរថា “ការដែលបានធ្វើដោយនឿយហត់ ជាអសារឥតការដូច្នេះ នោះតើមានប្រយោជន៍អ្វីដល់ខ្លួន?”(ខ.១៦)។ វាជាការឥតប្រយោជន៍ទេ ដែលយើងខំធ្វើការ ដើម្បីរកតែរបស់ទ្រព្យ ដែលនឹងបាត់បង់នៅទីបញ្ចប់នោះ។ តែមានរបស់ម្យ៉ាង ដែលមិនចេះពុកផុយ ហើយយើងអាច “យកទៅជាមួយយើង”បាន។ របស់នោះ គឺជាទ្រព្យសម្បត្តិនៅនគរស្ថានសួគ៌ ដែលយើងអាចសន្សំទុកបាន។ ចូរយើងដេញតាមភាពសប្បុរស(ម៉ាថាយ ១៩:២១) ការបន្ទាបខ្លួន(៥:៣) និងការអត់ធ្មត់ខាងវិញ្ញាណ(លូកា ៦:២២-២៣) ដែលនឹងនាំឲ្យយើងទទួលរង្វាន់ ជាទ្រព្យសម្បត្តិដ៏ស្ថិតស្ថេរ ដែលគ្មានអ្វីអាចបំផ្លាញឡើយ។ តើទ្រព្យសម្បត្តិ ដែលអ្នកកំពុងស្វែងរក នឹងមានភាពស្ថិតស្ថេរ នៅលើផែនដីឬទេ? ឬមួយ អ្នកកំពុងស្វែងរក “អស់ទាំងសេចក្តី ដែលនៅស្ថានលើវិញ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំនៃព្រះ?”(កូល៉ុស ៣:១)។-Jennifer Benson Schuldt
បទគម្ពីរប្រចាំថ្ងៃ
ការដែលបានធ្វើដោយនឿយហត់ ជាអសារឥតការដូច្នេះ នោះតើមានប្រយោជន៍អ្វីដល់ខ្លួន?-ខ.១៦