នំម៉ាណាប្រចាំថ្ងៃ
Devotional illustration

ទ្វារដែលកំពុងបិទ

ដោយPohfang Chia

January 31, 2017

ពេលរថភ្លើងដល់ពេលចេញដំណើរទៅមុខ គេក៏បានឮសម្លេងស៊ីញ៉ូ ដាស់តឿនដល់អ្នកដំណើរទាំងអស់ថា គេជិតបិទទ្វាររថភ្លើងហើយ។ ប៉ុន្តែ មានអ្នកដំណើរពីរបីនាក់ ដែលមានភាពយឺតយ៉ាវ ក៏បានខិតខំប្រវេសប្រវាឡើងរថភ្លើងឲ្យទាន់។ ទ្វារក៏បានបិទត្រូវចំពួកគេម្នាក់ តែទ្វារនោះក៏បានបើកចំហរវិញ ធ្វើឲ្យគាត់អាចឡើងជិះរថភ្លើង ដោយសុវត្ថិភាព។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគេធ្វើការប្រថុយនឹងគ្រោះថ្នាក់ដូចនេះ ហេតុអ្វីមិនរង់ចាំរថភ្លើងមួយទៀត ដែលនឹងមកដល់ក្នុងពេល៤នាទីទៀតប៉ុណ្ណោះ? យ៉ាងណាមិញ មានទ្វារមួយទៀត ដែលសំខាន់លើទ្វារណាទាំងអស់  ដែលយើងត្រូវតែចូល  មុនពេលទ្វារនោះបិទជារៀងរហូត។  ទ្វារនោះគឺជាទ្វារនៃសេចក្តីមេត្តាករុណារបស់ព្រះ។ សាវ័កប៉ុលបានប្រាប់យើងថា “មើលឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ”(២កូរិនថូស ៦:២)។ ព្រះគ្រីស្ទបានយាងមកសុគត ដើម្បីលោះបាបយើង ហើយបានមានព្រះជន្មរស់ឡើងវិញ។ ទ្រង់បានបើកផ្លូវ សម្រាប់ឲ្យយើងផ្សះផ្សាឲ្យជានឹងព្រះវិញ ហើយបានប្រកាសដល់យើងថា ថ្ងៃនេះជាថ្ងៃនៃសេចក្តីសង្រ្គោះ។ ថ្ងៃនេះជាថ្ងៃដែលទ្វារនៃសេចក្តីសង្រ្គោះ នៅបើកចំហរនៅឡើយ។ តែថ្ងៃណាមួយ ទ្វារនោះនឹងបិទវិញ។ ចំពោះអ្នកដែលបានទទួលជឿ ហើយបម្រើព្រះគ្រីស្ទ ទ្រង់នឹងមានបន្ទូលមកកាន់ពួកគេថា “ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរដកចុះ គឺជានគរដែលបានរៀបចំទុកសំរាប់អ្នករាល់គ្នា តាំងពីកំណើតលោកីយ៍មក”(ម៉ាថាយ ២៥:៣៤)។ ប៉ុន្តែ អ្នកដែលមិនស្គាល់ទ្រង់ នឹងត្រូវថយចេញទៅអស់កល្បជានិច្ច(ខ.៤៦)។ ការឆ្លើយតបរបស់យើង ចំពោះព្រះយេស៊ូវគ្រីស្ទ ជាកត្តាកំណត់ថា យើងនឹងទៅនៅទីណា បន្ទាប់ពីយើងលាចាកលោកនេះទៅ។ នៅថ្ងៃនេះ ព្រះយេស៊ូវបានអញ្ជើញយើងថា “ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ នេះនឹងបានសង្គ្រោះ រួចនឹងចេញចូល ហើយនឹងរកបានវាលស្មៅដ៏ស្រួល”(យ៉ូហាន ១០:៩)។-Poh Fang Chia

បទគម្ពីរប្រចាំថ្ងៃ

មើល​ឥឡូវ​នេះ​ជា​វេលា​ដែល​គាប់​ព្រះហឫទ័យ​ទ្រង់ មើល ថ្ងៃ​នេះ​ជា​ថ្ងៃ​សង្គ្រោះ​ហើយ។-ខ.២