កូនស្រីរបស់ខ្ញុំ ឈ្មោះមែលីសា(Melissa) មានទម្លាប់សរសេរកត់ត្រា ក្នុងព្រះគម្ពីររបស់នាង ជាជំនួយឲ្យនាងអនុវត្តតាមបទគម្ពីរនោះ ក្នុងការរស់នៅ។
ឧទាហរណ៍ : នៅក្នុងបទគម្ពីរម៉ាថាយ ជំពូក ៧ នាងបានគូរប្រអប់ជុំវិញខ.១ និងខ.២ ដែលចែងថា យើងមិនត្រូវថ្គោលទោសដទៃ ពីព្រោះនៅពេលដែលអ្នកធ្វើដូច្នេះ “គេនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង”។ នាងក៏បានសរសេរការពន្យល់នៅក្បែរខគម្ពីរនោះថា “សូមពិនិត្យមើលអ្វីដែលអ្នកកំពុងធ្វើ មុននឹងមើលទៅអ្នកដទៃ”។
មែលីសាជាក្មេងជំទង់ “ដែលចេះគិតពីអ្នកដទៃ”។ នាងបានរស់នៅ តាមព្រះបន្ទូលនៅក្នុងបទគម្ពីរ ភីលីព ២:៤។ មិត្តរួមថ្នាក់របស់នាង ឈ្មោះម៉ាត(Matt) បានស្គាល់នាង តាំងពីនៅក្មេងៗ នៅឯព្រះវិហារ រហូតដល់ថ្ងៃចុងក្រោយនៃជីវិតរបស់មែលីសា កាលរៀននៅថ្នាក់ទី១១ ពេលដែលនាងបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍។ ម៉ាតបានឡើងនិយាយនៅឯពិធីបុណ្យសពរបស់នាងថា “ខ្ញុំធ្លាប់តែឃើញមែលីសាញញឹមជានិច្ច ហើយនាងតែងតែធ្វើឲ្យអ្នកដទៃសប្បាយចិត្ត”។ មិត្តភក្តិរបស់នាង ឈ្មោះតារ៉ា(Tara) ក៏បានឡើងនិយាយនៅថ្ងៃនោះផងដែរថា “សូមអរគុណមែលីសា ដែលបានរាប់អានខ្ញុំជាមិត្តភក្តិ ទោះបីជាអ្នកដទៃមិនចិត្តល្អ និងមានភាពស្រស់ស្រាយ ដូចនាងក៏ដោយ”។
នៅថ្ងៃដែលគេហាក់ដូចជាចូលចិត្តថ្កោលទោសគ្នាទៅវិញទៅមក ដោយឥតមេត្តា យើងចាំបាច់ត្រូវនឹកចាំថា សេចក្តីស្រឡាញ់ត្រូវចាប់ផ្តើមមាន ពីខ្លួនយើងមុន។ សូមយើងនឹកចាំពាក្យរបស់សាវ័កប៉ុល ដែលបានបង្រៀនយើងថា “ឥឡូវនេះ នៅមានសេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ ទាំង៣មុខនេះ តែសេចក្តីដែលវិសេសជាងគេ គឺជាសេចក្តីស្រឡាញ់” (១កូរិនថូស ១៣:១៣)។
តើយើងនឹងនាំឲ្យមានភាពខុសប្លែកប៉ុណ្ណា នៅពេលដែលយើងមើលទៅអ្នកដទៃ ហើយនិយាយថា “សេចក្តីស្រឡាញ់ចាប់ផ្តើមពីខ្ញុំទៅ”។ ហើយតើការនេះនឹងបានឆ្លុះបញ្ចាំង អំពីសេចក្តីស្រឡាញ់ ដែលព្រះមានសម្រាប់យើងឬទេ?-DAVE BRANON