
ដើមឈើនៃក្តីស្រឡាញ់
ដោយDave Branon
April 15, 2017
ដើមសូល ជាដើមឈើមួយប្រភេទ ដែលគេដាំសម្រាប់ផលិតឆ្នុកដប។ នៅក្រោយផ្ទះខ្ញុំ មានដើមសូលមួយដើម ដែលបានឈរនៅយ៉ាងស្ងៀមស្ងាត់ជាង២០ឆ្នាំមកហើយ។ វាបានផ្តល់ម្លប់សម្រាប់ឲ្យកូនរបស់ខ្ញុំទាំងបួននាក់ ពេលពួកគេលេងក្នុងទីធ្លាក្រោយផ្ទះ ហើយក៏បានផ្តល់ជម្រកដល់សត្វកំប្រុក ក្នុងតំបន់ដែលយើងរស់នៅផងដែរ។ នៅរដូវរងា ដើមឈើមួយដើមនេះ មានសភាពក្រៀមក្រោះ ហើយជ្រុះស្លឹក តែថ្មីៗនេះ ពេលរដូវផ្ការីកមកដល់ វានៅតែមិនព្រមចេញស្លឹក ដូចនេះ ខ្ញុំក៏បានសម្រេចចិត្តកាប់រំលំវា។ ខ្ញុំក៏បានចំណាយពេលពេញមួយសប្តាហ៍ ដើម្បីធ្វើកិច្ចការនេះឲ្យបានរៀបរយ។ ជាដំបូង ខ្ញុំត្រូវកាប់រំលំវា ហើយបន្ទាប់មក ខ្ញុំត្រូវកាប់មែកដើមឈើដែលបានលូតលាស់អស់ពីទសវត្សរ៍នោះ ឲ្យក្លាយជាចំណែកតូចជាងមុន ដើម្បីឲ្យងាយស្រួលគ្រប់គ្រង។ ការនេះបាននាំឲ្យខ្ញុំ មានពេលជាច្រើន ដើម្បីគិតអំពីដើមឈើ។ ខ្ញុំក៏បានគិតដល់ដើមឈើមួយដើម ដែលផ្លែរបស់វា ព្រះទ្រង់បានហាមមិនឲ្យអ័ដាំម និងនាងអេវ៉ាបរិភោគ តែពួកគេមិនអាចទប់ចិត្តខ្លួនឯងបាន(លោកុប្បត្តិ ៣:៦)។ ព្រះទ្រង់បានប្រើដើមឈើនោះ ដើម្បីឲ្យពួកគេមានជម្រើសដោយសេរី រវាងការល្អ និងការអាក្រក់ និងដើម្បីល្បងលភាពស្មោះត្រង់ និងជំនឿរបស់ពួកគេ។ បន្ទាប់មក ខ្ញុំក៏បានគិតអំពីដើមឈើ ក្នុងទំនុកដំកើង ជំពូក១ ដែលបានរំឭកយើង អំពីផលផ្លែនៃការរស់នៅ ដោយកោតខ្លាចព្រះ។ ហើយក្នុងបទគម្ពីរ សុភាសិត ៣:១៨ ប្រាជ្ញាត្រូវបានប្រៀបប្រដូចទៅនឹងដើមឈើនៃជីវិតនោះ។ តែដើមឈើដែលសំខាន់បំផុតនោះ គឺដើមឈើដ៏រឹងមាំដែលគេបានកាប់យកទៅធ្វើឈើឆ្កាង នៅកាល់វ៉ារី ហើយព្រះសង្រ្គោះនៃយើងបានសុគតនៅលើឈើឆ្កាងនោះ ដោយទទួលបាបរបស់មនុស្សគ្រប់ជំនាន់ នៅលើស្មាទ្រង់។ ឈើឆ្កាងទ្រង់មានភាពខ្ពង់ខ្ពស់ជាងដើមឈើណាទាំងអស់ ជានិមិត្រសញ្ញានៃក្តីស្រឡាញ់ ការលះបង់ និងសេចក្តីសង្រ្គោះ តែបីថ្ងៃក្រោយមក ទ្រង់ក៏បានមានព្រះជន្មឡើងវិញ។ នៅកាល់វ៉ារី ព្រះរាជបុត្រាតែមួយរបស់ព្រះ បានសុគតយ៉ាងវេទនា។ ឈើឆ្កាងទ្រង់ជាដើមឈើនៃជីវិតសម្រាប់យើងរាល់គ្នា។-Dave Branon
បទគម្ពីរប្រចាំថ្ងៃ
ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង។-១ពេត្រុស ២:២៤