
ពិភពលោកជារបស់ព្រះ
ដោយJennifer Benson Schuldt
April 19, 2017
ខ្ញុំដឹងថា កូនប្រុសខ្ញុំនឹងសប្បាយចិត្ត ពេលខ្ញុំពេលទិញផែនទីពិភពលោក ឲ្យគាត់មួយសន្លឹក សម្រាប់ថ្ងៃខួបកំណើតរបស់គាត់។ ខ្ញុំក៏បានដើររកមើលក្នុងផ្សារ ឃើញផែនទីពណ៌ចម្រុះ ដែលមានរូបទ្វីបទាំងឡាយ ដែលលម្អិតដោយរូបភាពតូចៗ គេបានដាក់ចំណាំ ក្នុងតំបន់នីមួយៗ ក្នុងផែនទីនោះ។ ឧទាហរណ៍ គេដាក់រូបមេអំបៅ ពីលើប្រទេសប៉ាពូ ញូគីនី និងរូបជួរភ្នំកាត់ប្រទេសឈីលី ហើយរូបត្បូងពេជ្យ ក៏ត្រូវបានគេដាក់លម្អពីលើប្រទេសអាហ្វ្រិកខាងត្បូង។ ពេលនោះខ្ញុំមានការសប្បាយចិត្ត តែខ្ញុំចង់ដឹងថា ហេតុអ្វីបានជាគេដាក់ផ្លាកសញ្ញា នៅផ្នែកខាងក្រោមគេ នៅផែនទីនោះថា “ពិភពលោកយើង”។ ជាការពិតណាស់ ផែនដីនេះ ជាពិភពរបស់យើង ព្រោះយើងកំពុងរស់នៅក្នុងផែនដី។ យើងអាចផឹកទឹក រកមាស និងចាប់ត្រីក្នុងសមុទ្រ ដែលមាននៅលើផែនដី តែយើងអាចធ្វើការទាំងអស់នេះបាន គឺដោយសារតែព្រះទ្រង់បានអនុញ្ញាតឲ្យយើងប៉ុណ្ណោះ(លោកុប្បត្តិ ១:២៨-៣០)។ តាមពិត ពិភពលោកនេះជារបស់ព្រះ ។ គឺដូចមានសេចក្តីចែងថា “ផែនដី និងសារពើនៅផែនដី ជារបស់ផងព្រះយេហូវ៉ា ព្រមទាំងលោកីយ៍ និងបណ្តាអ្នកដែលនៅលោកីយ៍ផង”(ទំនុកដំកើង ២៤:១)។ ខ្ញុំមានការប៉ះពាល់ចិត្តណាស់ ពេលដែលព្រះទ្រង់បាន ប្រគល់ស្នាព្រះហស្តដ៏អស្ចារ្យរបស់ទ្រង់ ឲ្យមនុស្សថែរក្សាថ្វាយទ្រង់។ ទ្រង់ជ្រាបថា មានមនុស្សខ្លះបំផ្លាញស្នាព្រះហស្តទ្រង់ ហើយបដិសេធថា ទ្រង់មិនមែនជាអ្នកបង្កើតទេ រួចថា មនុស្សជាម្ចាស់លើរបស់គ្រប់ទាំងអស់។ ទោះយ៉ាងណាក៏ដោយ ទ្រង់នៅតែអនុញ្ញាតឲ្យយើងយកផែនដីធ្វើជាផ្ទះ ហើយក៏បានទ្រទ្រង់ តាមរយៈព្រះរាជបុត្រាទ្រង់(កូល៉ុស ១:១៦-១៧)។ នៅថ្ងៃនេះ សូមយើងចំណាយពេលអរសប្បាយនឹងជីវិតរបស់យើង ក្នុងពិភពលោករបស់ព្រះ ដោយក្រេបរស់ជាតិដ៏ផ្អែមឆ្ងាញ់ នៃផ្លែឈើទាំងឡាយ គយគន់បក្សាបក្សី ទាំងស្តាប់ពួកវាច្រៀងផង រួចមើលថ្ងៃលិច។ ការគិតអំពីភាពអស្ចារ្យនៃពិភពលោក បានបណ្តាលចិត្តយើងឲ្យចង់ថ្វាយបង្គំព្រះដែលជាម្ចាស់នៃពិភពលោក។-Jennifer Benson Schuldt
បទគម្ពីរប្រចាំថ្ងៃ
ផែនដី និងសារពើនៅផែនដី ជារបស់ផងព្រះយេហូវ៉ា ព្រមទាំងលោកីយ៍ និងបណ្តាអ្នកដែលនៅលោកីយ៍ផង។-ខ.១