រត់បានឆ្ងាយជាងសត្វខ្លាឈីតា
សត្វខ្លារខិនឈីតាហ៍ដ៏អស្ចារ្យ នៅទ្វីបអាហ្រ្វិក មានភាពល្បីល្បាញ ដោយសារវាអាចរត់ក្នុងល្បឿន ១១២គីឡូម៉ែត្រ ក្នុងមួយម៉ោង ក្នុងសំទុះចម្ងាយខ្លី តែវាមិនអាចរត់បានលឿនដូចនេះ ក្នុងចម្ងាយឆ្ងាយឡើយ។ ថ្ងៃមួយ ប៉ុស្ទប៊ីប៊ីស៊ីរបស់អង់គ្លេស បានផ្សាយពត៌មានថា មានបុរសបួននាក់ នៅក្នុងភូមិមួយ នៅភាគឥសាននៃប្រទេសកេនយ៉ា បានរត់បានឆ្ងាយជាងសត្វខ្លាឈីតាពីរក្បាល ក្នុងចម្ងាយប្រហែល៦គីឡូម៉ែត្រ។ គេជឿថា សត្វខ្លាឈីតាដ៏ធំទាំងពីរបានចាប់សត្វពពែរបស់អ្នកភូមិស៊ីជាចំណី។ ដូចនេះ បុរសទាំងបួននាក់ក៏បានរៀបគម្រោងទប់ស្កាត់ពួកវា។ ពួកគេក៏បានរង់ចាំដល់ពេលដែលមានអាកាសធាតុក្តៅបំផុត នៅពេលថ្ងៃ ហើយក៏បានចាប់ផ្តើមដេញចាប់សត្វខ្លាឈីតាទាំងនោះ ហើយក៏តាមពួកវាទាន់ ពេលដែលពួកវាមិនអាចរត់បានទៀត។ សត្វខ្លាឈីតាក៏អស់កម្លាំង ហើយគេក៏បានចាប់ពួកវា ដោយសុវត្ថិភាព រួចប្រគល់ពួកវាឲ្យទៅភ្នាក់ងារសត្វព្រៃកេនយ៉ា ដើម្បីឲ្យគេយកពួកវាទៅដាក់នៅកន្លែងផ្សេង។ ពេលខ្លះយើងមានលក្ខណៈមិនខុសពីសត្វឈីតាទេ។ យើងប្រហែលជាមានកម្លាំងច្រើន តែអាចប្រើបានក្នុងរយៈពេលខ្លី។ គឺដូចដែលហោរាអេសាយបានរំឭកយើងថា យើងដូចជាស្មៅ ដែលឆាប់ក្រៀមស្វិត នៅក្រោមកម្តៅថ្ងៃ(៤០:៦-៨)។ តែពេលដែលយើងប្រឹងអស់ពីសមត្ថភាពយើង ព្រះទ្រង់នឹងកម្សាន្តចិត្តយើង។ អ្នកដែលរង់ចាំព្រះអម្ចាស់ នឹងមានការភ្ញាក់ផ្អើល។ ទ្រង់អាចប្រទានឲ្យយើងមានកម្លាំងជាថ្មី តាមមធ្យោបាយរបស់ទ្រង់ និងតាមពេលដែលទ្រង់បានកំណត់។ ទ្រង់អាចធ្វើឲ្យគេមានកម្លាំងចម្រើនជានិច្ច ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ(ខ.៣១)។-Mart Dehaan
Read article