យើងជាគ្រួសារតែមួយ
ភរិយារបស់លោកគ្រូគង្វាលម្នាក់ បានទៅពិនិត្យសុខភាពរកឃើញថា គាត់មានជម្ងឺប៉ាគីនសុន ដែលជាជម្ងឺខួរក្បាល និងសសៃប្រសាទ ដែលធ្វើឲ្យអ្នកជម្ងឺចេះតែញ័រដៃ។ ការនេះបានធ្វើឲ្យក្រុមគ្រួសារគាត់ ធ្លាក់ចូលក្នុងស្ថានភាពដ៏ពិបាក និងមានភាពតប់ប្រម៉ល់។ លោកគ្រូគង្វាលមិនដឹងថា គាត់នឹងត្រូវមើលថែរភរិយាយ៉ាងណាទេ ខណៈពេលខ្លួនមានការទទួលខុសត្រូវជាច្រើន ចំពោះគ្រួសារពួកជំនុំរបស់គាត់។ ប៉ុន្តែ គាត់មិនចាំបាច់ត្រូវមានការព្រួយបារម្ភឡើយ ព្រោះសមាជិកពួកជំនុំបានចូលមកស្ម័គ្រចិត្តជួយគាត់ នៅក្នុងផ្នែកអាហារ និងការថែរទាំងខ្លះៗ។ សាវ័កប៉ុលបានសរសេរសំបុត្រផ្ញើទៅពួកជំនុំ នៅក្រុងកូរិនថូស អំពីគោលបំណងដែលព្រះអម្ចាស់បានប្រទាន នូវអំណោយទានខាងវិញ្ញាណដល់ពួកគេ។ ក្នុងបទគម្ពីរ ១កូរិនថូស ១២:៨-១០ គាត់បានរៀបរាប់ អំពីអំណោយទានខាងវិញ្ញាណជាច្រើន ដែលព្រះទ្រង់បានប្រទានមក សម្រាប់ជាប្រយោជន៍(ខ.៧)។ ព្រះទ្រង់មិនបានប្រទានអំណោយទានខាងវិញ្ញាណ ដើម្បីឲ្យយើងប្រើជាប្រយោជន៍ផ្ទាល់ខ្លួននោះទេ តែដើម្បីបម្រើអ្នកដទៃ ហើយការបម្រើអ្នកដទៃនោះឯង ដែលជាការបម្រើដល់ព្រះ។ ព្រះទ្រង់បានប្រទានអំណោយទានខុសៗគ្នា សម្រាប់ឲ្យយើងប្រើ នៅពេលខុសគ្នា និងតាមរបៀបខុសគ្នា។ ប៉ុន្តែ យើងត្រូវប្រើអំណោយទានដោយក្តីស្រឡាញ់ “ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សំរាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រីស្ទឡើង”(អេភេសូរ ៤:១២)។ ទោះព្រះទ្រង់បានដាក់យើងនៅកន្លែងណាក៏ដោយ ក៏យើងនៅតែអាចប្រើអំណោយទានអ្វី ដែលទ្រង់បានប្រទានយើង ដើម្បីធ្វើការអ្វីមួយ តាមដែលចាំបាច់ ដោយចាំថា យើងគ្រប់គ្នាជាផ្នែកមួយនៃពួកជំនុំ ដែលជារូបកាយនៃព្រះគ្រីស្ទ(១កូរិនថូស ១២:១៣-១៤)។-C.P.HIA
Read article