ព្រះទ្រង់រង់ចាំយើង
ថ្ងៃមួយ ពេលដែលខ្ញុំបើកឡាន ជូនស្វាមីខ្ញុំ ទៅស្ថានីយរថភ្លើង ក្នុងតំបន់របស់យើង ខ្ញុំឃើញអ្នកបើកបររថភ្លើង កំពុងរកមើលអ្នកដែលឡើងរថភ្លើងយឺត។ មានស្រ្តីម្នាក់ដែលមានសក់នៅសើមនៅឡើយ បានប្រញាប់រត់ចេញពីចំណតរថយន្ត ចូលទៅក្នុងរថភ្លើងយ៉ាងលឿន។ បន្ទាប់មក មានបុរសម្នាក់ពាក់ឈុតអាវធំពណ៌ខ្មៅ កំពុងដើរបោះពួយយ៉ាងលឿន ទៅរករថភ្លើង ហើយក៏បានឡើងជិះរថភ្លើងនឹងគេដែរ។ អ្នកបើកបរបានរង់ចាំដោយចិត្តអត់ធ្មត់ ខណៈពេលដែលមានអ្នកដំណើរមួយចំនួនទៀតដែលមកយឺត កំពុងប្រញាប់ប្រញាល់ឡើងជិះរថភ្លើង នៅនាទីចុងក្រោយ។ ពេលដែលខ្ញុំបានឃើញអ្នកបើកបរមានការអត់ធ្មត់ដូចនេះ ខ្ញុំក៏បាននឹកចាំអំពីព្រះ ដែលកំពុងរង់ចាំឲ្យមនុស្សទទួលជឿទ្រង់ឲ្យទាន់ពេលវេលា។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃណាមួយ ព្រះយេស៊ូវទ្រង់នឹងយាងមកវិញ ហើយ“ផ្ទៃមេឃនឹងបាត់ទៅ ដោយសូរគ្រាំគ្រេង ឯធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែង ហើយផែនដី និងការសព្វសារពើ នឹងត្រូវឆេះអស់រលីងទៅ”(២ពេត្រុស ៣:១០)។ ពេលដែលថ្ងៃនោះមកដល់ ឬពេលដែលជីវិតខាងសាច់ឈាមបានបញ្ចប់ហើយ អ្នកដែលមិនទាន់បានទទួលជឿព្រះ នឹងមិនមានឱកាសទៀតទេ។ សាវ័កពេត្រុសបានមានប្រសាសន៍ថា ព្រះអម្ចាស់ទ្រង់ “មានព្រះហឫទ័យអត់ធ្មត់នឹងយើងរាល់គ្នាវិញ ដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ”(ខ.៩)។ បើយើងដឹងថា មានអ្នកដែលមិនទាន់បានដើរតាមព្រះយេស៊ូវទេ នោះចូរយើងនាំដំណឹងល្អ ទៅប្រាប់គេ ក្នុងកាលដែលពួកគេនៅមានឱកាសនៅឡើយ។ គឺដូចមានសេចក្តីចែងថា “បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត”(រ៉ូម ១០:៩)។ ទ្រង់កំពុងត្រាសហៅមនុស្សរាល់គ្នា ឲ្យដើរតាមទ្រង់។…
Read article