
ភាពស្តុកស្តម្ភនៃការស្តាប់បង្គាប់
ដោយDavid C. McCasland
May 12, 2017
មានប្រទេសជាង១០០ ដែលកំពុងលក់ឆ្នោតជាតិ ដល់ប្រជាពលរដ្ឋរបស់ខ្លួន។ កាលពីពេលថ្មីៗនេះ ទឹកប្រាក់សរុបដែលគេប្រមូលបាន ពីការលក់ឆ្នោតជាតិ តែនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា គឺមានជាង៨៥ពាន់លានដុល្លាអាមេរិក ដែលជាផ្នែកដ៏តូចមួយ នៅក្នុងចំណោមការលក់ឆ្នោតជាតិ នៅបណ្តាប្រទេសដទៃទៀត នៅទូទាំងពិភពលោក។ នៅប្រទេសជឿនលឿន ការចង់ឈ្នះរង្វាន់ធំ បានល្បួងមនុស្សជាច្រើន ឲ្យមានផ្នត់គំនិតថា ពួកគេនឹងអាចដោះស្រាយបញ្ហាទាំងពួងក្នុងជីវិត បើសិនជាពួកគេបានត្រូវឆ្នោតជាតិ។ ការមានទ្រព្យសម្បត្តិមិនមែនជាការអាក្រក់ទេ តែទ្រព្យសម្បត្តិមានអំណាចបោកប្រាសយើង ឲ្យគិតថា លុយជាដំណោះស្រាយ សម្រាប់បញ្ហាខ្វះខាតគ្រប់យ៉ាងរបស់យើង។ តែអ្នកនិពន្ធទំនុកដំកើងមានទស្សនៈខុសពីនេះ បានជាគាត់មានប្រសាសន៍ថា “ទូលបង្គំបានត្រេកអរក្នុងផ្លូវប្រព្រឹត្តតាមសេចក្តីបន្ទាល់របស់ទ្រង់ ឲ្យស្មើនឹងសេចក្តីអំណរចំពោះទ្រព្យសម្បត្តិគ្រប់យ៉ាង … ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មាន ឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ”(ទំនុកដំកើង ១១៩:១៤,១៦)។ ត្រង់ចំណុចនេះ អ្នកនិពន្ធទំនុកដំកើងកំពុងនិយាយ អំពីទ្រព្យសម្បត្តិខាងវិញ្ញាណ ដែលផ្តោតទៅលើការស្តាប់បង្គាប់ព្រះ និងដើរ “តាមច្រកនៃសេចក្តីបង្គាប់របស់ទ្រង់”(ខ.៣៥)។ តើការដើរតាមព្រះបន្ទូលព្រះអម្ចាស់ នាំឲ្យយើងមានចិត្តរំភើបរីករាយ ខ្លាំងជាងការត្រូវឆ្នោតរាប់លានដុល្លាឬទេ? សរុបមក យើងអាចពោលតាមអ្នកនិពន្ធទំនុកដំកើងថា “សូមធ្វើឲ្យចិត្តទូលបង្គំល្អៀងទៅខាងសេចក្តីបន្ទាល់របស់ទ្រង់ កុំឲ្យល្អៀងទៅខាងសេចក្តីលោភឡើយ សូមបង្វែរភ្នែកទូលបង្គំមិនឲ្យមើលការឥតប្រយោជន៍ ហើយប្រោសឲ្យទូលបង្គំមានកំឡាំងឡើង ក្នុងផ្លូវទ្រង់”(ខ.៣៦-៣៧)។ ភាពស្តុកស្តម្ភនៃការស្តាប់បង្គាប់ ជាភាពស្តុកស្តម្ភដ៏ពិត របស់អ្នកដើរជាមួយព្រះអម្ចាស់។-David McCasland
បទគម្ពីរប្រចាំថ្ងៃ
ទូលបង្គំបានត្រេកអរក្នុងផ្លូវប្រព្រឹត្តតាម សេចក្តីបន្ទាល់របស់ទ្រង់ ឲ្យស្មើនឹងសេចក្តីអំណរចំពោះទ្រព្យសម្បត្តិគ្រប់យ៉ាង។ -ខ.១៤