ទីបន្ទាល់របស់អ្នក
មានពេលមួយ គេបានឲ្យលោកម៉ៃឃល ឌីនស៍មរ(Michael Dinsmore) ដែលជាអតីតអ្នកទោស ឡើងធ្វើទីបន្ទាល់ ក្នុងមន្ទីរឃុំឃាំងមួយកន្លែង បន្ទាប់ពីគាត់ទើបតែបានទទួលជឿព្រះ។ បន្ទាប់ពីគាត់ចែកចាយចប់ មានអ្នកទោសខ្លះបានមករកគាត់ ហើយប្រាប់គាត់ថា ពួកគេមិនដែលបានចូលរួមកម្មវិធីដែលរំភើបរីករាយ ដូចពេលនេះទេ! លោកម៉ៃឃលមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា ព្រះទ្រង់អាចប្រើរឿងនៃជីវិតដ៏សាមញ្ចរបស់គាត់ ដើម្បីធ្វើការក្នុងចិត្តមនុស្សជាច្រើនដូចនេះ។ ក្នុងបទគម្ពីរ ១ធីម៉ូថេ បន្ទាប់ពីសាវ័កប៉ុលបានផ្តាំលោកធីម៉ូថេ ឲ្យនៅបន្តការងារផ្សាយដំណឹងល្អ(១:១-១១) គាត់ក៏បានចែកចាយទីបន្ទាល់របស់គាត់ ដើម្បីលើកទឹកចិត្តយុវជនម្នាក់នេះ(ខ.១២-១៦)។ គាត់បានប្រាប់លោកធីម៉ូថេ អំពីព្រះគុណរបស់ព្រះ ដែលទ្រង់ប្រទាន ក្នុងជីវិតគាត់។ គាត់មានប្រសាសន៍ថា គាត់ធ្លាប់ចម្អកឲ្យព្រះ តែទ្រង់បានកែប្រែជីវិតគាត់។ ព្រះទ្រង់មានក្តីមេត្តាណាស់ បានជាទ្រង់មិនគ្រាន់តែបានចាត់ទុកគាត់ជាអ្នកបម្រើស្មោះត្រង់ ហើយប្រទានកិច្ចការឲ្យគាត់ធ្វើប៉ុណ្ណោះទេ តែថែមទាំងបានចម្រើនកម្លាំង ឲ្យគាត់អាចធ្វើកិច្ចការនោះទៀតផង(ខ.១២)។ សាវ័កប៉ុលបានចាត់ទុកខ្លួនឯង ជាមនុស្សដែលមានបាបខ្លាំងក្រៃ តែព្រះទ្រង់នៅតែសង្រ្គោះគាត់(ខ.១៥)។ ត្រង់ចំណុចនេះ សាវ័កប៉ុលចង់ឲ្យលោកធីម៉ូថេដឹងថា ព្រះទ្រង់អាចធ្វើការអ្វីដែលយើងមិននឹកស្មានដល់ ហើយយើងក៏ចាំបាច់ត្រូវដឹងដូចគាត់ផងដែរ។ ទីបន្ទាល់របស់សាវ័កប៉ុលបានបង្ហាញថា ព្រះទ្រង់មានសេចក្តីមេត្តាករុណាចំពោះគាត់។ បើទ្រង់អាចប្រើមនុស្សដែលធ្លាប់មានប្រវត្តិអាក្រក់ដូចសាវ័កប៉ុល នោះទ្រង់ក៏អាចប្រើយើងផងដែរ។ បើទ្រង់អាចសង្រ្គោះមនុស្សដែលមានបាបធ្ងន់បំផុត នោះគ្មាននរណាដែលទ្រង់មិនអាចសង្រ្គោះនោះឡើយ។ អ្នកដទៃអាចទទួលការលើកទឹកចិត្ត ពីទីបន្ទាល់របស់យើង ដែលនិយាយអំពីកិច្ចការដែលព្រះទ្រង់បានធ្វើក្នុងជីវិតយើង។ ចូរយើងឲ្យអ្នកនៅក្បែរយើងដឹងថា ព្រះនៃព្រះគម្ពីរនៅតែធ្វើការ យ៉ាងសកម្មនៅថ្ងៃនេះ!-Poh Fang…
Read article