មានពេលមួយឡានរបស់ខ្ញុំបានជាប់ផុងយ៉ាងខ្លាំង។ ពេលដែលខ្ញុំកំពុងដាក់កម្រងផ្កានៅពីមុខផ្នូរបស់ឪពុកម្តាយខ្ញុំ ស្វាមីរបស់ខ្ញុំបានទៅបើកឡានអែបខាង ដើម្បីទុកផ្លូវឲ្យឡានគេបើកកាត់តាមនោះ។ ភ្លៀងបានធ្លាក់នៅទីនោះអស់ជាច្រើនសប្តាហ៍ហើយ បានជាកន្លែងចតឡានមានទឹកដក់ច្រើន។ ពេលដែលយើងចាប់ផ្តើមចាកចេញពីកន្លែងនោះ ឡានក៏បានជាប់ផុង។ កង់ឡានខំវិលទៅមុខ តែទៅមិនរួច ហើយបែរជាលិចចូលទៅក្នុងភក់កាន់តែជ្រៅ។
យើងត្រូវការអ្នកជួយរុញឡាន ពុំនោះទេ យើងប្រាកដជាទៅណាមិនរួចទេ ព្រោះស្វាមីខ្ញុំធ្លាប់បាក់ឆ្អឹងស្មា ហើយខ្ញុំទើបតែចេញពីពេទ្យទៀត។ ខ្ញុំក៏បានឃើញយុវជនពីនាក់ពីចម្ងាយ ហើយក៏បានស្រែកហៅ ដោយគ្រវីដៃចុះឡើង ដើម្បីឲ្យពួកគេមកជួយយើង។ ពួកគេក៏បានឆ្លើយតប ដោយក្តីរីករាយ។
សូមអរព្រះគុណព្រះអម្ចាស់ ដែលពួកគេបានរួមកម្លាំងគ្នារុញឡានចេញភក់ ហើយយើងក៏បានបើកឡានចូលទៅក្នុងផ្លូវថ្នល់ដោយសុវត្តិភាព។
បទពិសោធន៍ថ្ងៃនោះ បានធ្វើខ្ញុំនឹកចាំបទគម្ពីរទំនុកដំកើង ជំពូក៤០ ដែលបានរំឭកអំពីភាពស្មោះត្រង់របស់ព្រះ ពេលដែលស្តេចដាវីឌដង្ហើយរកជំនួយ។ គឺដូចដែលទ្រង់បានពោលឡើងថា “ខ្ញុំបានរង់ចាំព្រះយេហូវ៉ា ដោយអំណត់ ទ្រង់ក៏បានផ្អៀងព្រះកាណ៌មកស្តាប់ ហើយទទួលតាមសំរែករបស់ខ្ញុំ ទ្រង់បានស្រង់ខ្ញុំចេញពីអន្លង់គួរស្បើម ឲ្យរួចពីភក់ស្អិត ក៏ដាក់ជើងខ្ញុំលើថ្មដា ព្រមទាំងតាំងជំហានខ្ញុំឲ្យខ្ជាប់ខ្ជួន”(ខ.១-២)។ ត្រង់ចំណុចនេះ ស្តេចដាវីឌជ្រាបថា ទ្រង់តែងតែអាចទូលសូម ឲ្យព្រះរំដោះទ្រង់ចេញពីទុក្ខលំបាក ទោះជាទ្រង់កំពុងតែធ្លាក់ក្នុងអន្លង់ ឬកំពុងជួបស្ថានភាពដ៏ពិបាកយ៉ាងណាក៏ដោយ។
ព្រះទ្រង់ក៏នឹងជួយយើងផងដែរ ពេលដែលយើងដង្ហើយរកព្រះអង្គ។ ជួនកាល ទ្រង់ឆ្លើយតប ដោយជួយយើងដោយផ្ទាល់ តែភាគច្រើន ទ្រង់ប្រើអ្នកដទៃឲ្យជួយយើង។ ពេលដែលយើងទទួលស្គាល់ថាយើងត្រូវការទ្រង់ ឬត្រូវការឲ្យអ្នកដទៃជួយយើង យើងអាចទុកចិត្តលើភាពស្មោះត្រង់របស់ទ្រង់។-Marion Stroud