
យុថ្ការបស់យើង
ដោយMarvin Williams
June 15, 2017
បន្ទាប់ពីអ្នកស្រីអេស្តេឡា ភីហ្វ្រម(Estella Pyfrom) បានចូលនិវត្តន៍ ក្នុងអាជីពជាគ្រូបង្រៀន គាត់បានទិញឡានក្រុងមួយគ្រឿង។ គាត់ក៏បានដំឡើងតុ សម្រាប់ដាក់កំព្យូទ័រជាច្រើនគ្រឿង នៅក្នុងឡានក្រុងនោះ។ សព្វថ្ងៃនេះ គេបានដាក់ឈ្មោះឲ្យឡានក្រុងរបស់គាត់ថា “ឡានក្រុងដែលមានគំនិតភ្លឺថ្លា” ដោយសារគាត់បានបើកបរវា ទៅរកក្មេងៗដែលងាយរងគ្រោះ ក្នុងខ័ណ្ឌផាម ប៊ីច រដ្ឋផ្លូរីដា ដើម្បីឲ្យពួកគេធ្វើកិច្ចការដែលគ្រូដាក់ឲ្យ និងសិក្សាអំពីបច្ចេកវិទ្យាក្នុងឡានគាត់។ អ្នកស្រីអេស្តេឡាកំពុងជួយឲ្យក្មេងទាំងនោះមានលំនឹង និងក្តីសង្ឃឹមក្នុងជីវិត ដើម្បីកុំឲ្យពួកគេបោះបង់ចោលក្តីស្រមៃ សម្រាប់ពេលអនាគត។ ក្នុងសតវត្សរ៍ទី១ សហគមន៍គ្រីស្ទបរិស័ទបានទទួលរងការគំរាមកំហែង ដោយទុក្ខវេទនា និងការបាក់ទឹកចិត្ត។ បានជាអ្នកនិពន្ធព្រះគម្ពីរហេព្រើបានសរសេរសំបុត្របង្រៀន និងលើកទឹកចិត្តគ្រីស្ទបរិស័ទទាំងនោះ កុំឲ្យបោះបង់ចោលសេចក្តីជំនឿ ដែលជាក្តីសង្ឃឹមចំពោះពេលអនាគត(២:១)។ ក្តីសង្ឃឹមរបស់ពួកគេ គឺជាជំនឿលើព្រះ ដែលនាំឲ្យបានសេចក្តីសង្រ្គោះ និងចូលនគរស្ថានសួគ៌ ហើយអាចរកបាន ក្នុងអង្គព្រះយេស៊ូវគ្រីស្ទ និងក្នុងការលះបង់របស់ទ្រង់។ ពេលដែលព្រះយេស៊ូវយាងឡើងស្ថានសួគ៌ បន្ទាប់ពីទ្រង់មានព្រះជន្មរស់ឡើងវិញ គឺមានន័យថា ទ្រង់បានការពារក្តីសង្ឃឹម សម្រាប់ពេលអនាគត(៦:១៩-២០)។ ការសុគត ការមានព្រះជន្មរស់ឡើងវិញ និងការវិលត្រឡប់របស់ទ្រង់ ទៅនគរស្ថានសួគ៌វិញ បានផ្តល់នូវការធានា និងលំនឹងដល់ជីវិតគ្រីស្ទបរិស័ទ គឺដូចជាយុថ្កា ដែលគេបានទំលាក់ចុះ នៅក្នុងសមុទ្រ ដើម្បីការពារនាវាមិនឲ្យរសាត់អណ្តែតទៅឆ្ងាយ។ ក្តីសង្ឃឹមដែលទ្រង់ប្រទាន សម្រាប់ពេលអនាគត នឹងមិនអាចបាត់បង់ទៅណាឡើយ។ ព្រះយេស៊ូវជាយុថ្កានៃវិញ្ញាណយើង ដើម្បីកុំឲ្យយើងរសាត់ចេញ ពីក្តីសង្ឃឹមក្នុងទ្រង់។-Marvin Williams
បទគម្ពីរប្រចាំថ្ងៃ
ខ្ញុំមានសេចក្តីសង្ឃឹមនោះ ទុកដូចជាយុថ្កានៃព្រលឹងដ៏ជាប់លាប់មាំមួន។-ខ.១៩