
ការពិបាកនៅក្នុងការផ្លាស់ប្តូរ
ដោយDavid C. McCasland
June 21, 2017
បន្ទាប់ពីលោកគ្រីស សេនឌ័រ(Chris Sanders) ដែលជាអតីតកីឡាករអត្តពលិកអាជីព មានរបួសធ្វើឲ្យអាជីពរបស់គាត់ត្រូវបញ្ចប់ គាត់ក៏បានប្រាប់អតីតយុទ្ធជនមួយក្រុមថា ទោះបីជាគាត់មិនដែលមានបទពិសោធន៍ នៅសមរភូមិក៏ដោយ ក៏គាត់នៅតែអាចយល់អំពីសម្ពាធនៃការផ្លាស់ប្តូរដ៏ពិបាក ពីមនុស្សដែលមានកាយសម្បទាគ្រប់គ្រាន់ ទៅជាជនពិការ។ ការផ្លាស់ប្តូរធំៗសុទ្ធតែអាចនាំឲ្យមានការពិបាកខ្លាំង ទោះការផ្លាស់ប្តូរនោះ បណ្តាលមកពីការបាត់បង់ការងារ ការបាត់បង់ទំនាក់ទំនងប្តីប្រពន្ធ ឬជាការមានជម្ងឺធ្ងន់ ឬជាការខាតបង់ផ្នែកហរិញ្ញវត្ថុក៏ដោយ។ អតីតអត្តពលិករូបនោះបានប្រាប់អតីតយុទ្ធជនទាំងនោះថា ពេលពួកគេមានការផ្លាស់ប្តូរ ពីជីវិតជាទាហាន ទៅរស់នៅជាជនស៊ីវិល គន្លឹះដើម្បីឲ្យពួកគេមានជោគជ័យក្នុងជីវិត គឺត្រូវស្វែងរកជំនួយពីព្រះ។ សូមយើងអានបទគម្ពីរយ៉ូស្វេ ពេលណាយើងស្ថិតក្នុងដំណើរនៃការផ្លាស់ប្តូរដ៏ពិបាក។ បន្ទាប់ពីសាសន៍អ៊ីស្រាអែលបានវិលវល់នៅក្នុងវាលរហោស្ថានអស់រយៈពេល៤០ឆ្នាំ ហើយឆ្លងកាត់ការពិបាកជាច្រើន ព្រះទ្រង់ក៏បានឲ្យពួកគេត្រៀមខ្លួន ចូលទឹកដីសន្យា។ បន្ទាប់ពីលោកម៉ូសេដែលជាអ្នកដឹកនាំដ៏ឆ្នើមរបស់ពួកគេបានស្លាប់ហើយ លោកយ៉ូស្វេដែលជាអ្នកជំនួយរបស់គាត់ ក៏បានមើលការខុសត្រូវបន្តពីគាត់។ ព្រះទ្រង់ក៏បានប្រាប់លោកយ៉ូស្វេ ឲ្យ“មានកំឡាំង និងចិត្តក្លាហានឡើង ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមក្រឹត្យវិន័យគ្រប់ជំពូក ដែលម៉ូសេជាអ្នកបម្រើទ្រង់ បានបង្គាប់មក ហើយកុំឲ្យងាកបែរចេញទៅខាងស្តាំ ឬខាងឆ្វេង ប្រយោជន៍ឲ្យគាត់បានកើតការនៅកន្លែងណា ដែលគាត់ទៅ(យ៉ូស្វេ ១:៧)។ លោកយ៉ូស្វេត្រូវតែយកព្រះបន្ទូលរបស់ព្រះជាគោល នៅក្នុងការដឹកនំាប្រជាជនអ៊ីស្រាអែល ក្នុងគ្រប់ស្ថានភាពទាំងអស់។ ព្រះរាជបញ្ជា និងព្រះបន្ទូលសន្យា ដែលព្រះអម្ចាស់ប្រទានលោកយ៉ូស្វេ ក៏សម្រាប់ឲ្យយើងអនុវត្តតាមផងដែរ គឺយើងត្រូវ “មានកំឡាំង និងចិត្តក្លាហានចុះ កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់គង់ជាមួយនៅកន្លែងណា ដែលយើងទៅ”(ខ.៩)។ ព្រះទ្រង់គង់នៅជាមួយយើង ទោះជាយើងស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។-David McCasland
បទគម្ពីរប្រចាំថ្ងៃ
ឲ្យឯងគ្រាន់តែមានកំឡាំង និងចិត្តក្លាហានប៉ុណ្ណោះ។-ខ.៧