ពេលខ្ញុំរៀនបើកទូកក្តោង គេបានតម្រូវឲ្យខ្ញុំដើរលើបន្ទះក្តារ ដែលអណ្តែតលើទឹកឃ្លីងឃ្លោង ហើយឈោងឡើងកូនទូកក្តោង។ ខ្ញុំមិនចូលចិត្តដើរលើបន្ទះក្តានោះទេ ព្រោះខ្ញុំមិនពូកែទប់ខ្លួនឲ្យនឹង ហើយមិនចង់ធ្លាក់ចូលក្នុងទឹក នៅចន្លោះបន្ទះក្តារ និងទូកនោះ ពេលខ្ញុំព្យាយាមឈោងឡើង។ ខ្ញុំស្ទើរតែចង់បោះបង់ការរៀនបើកទូកក្តោង។ គ្រូបង្វឹកក៏បានប្រាប់ខ្ញុំ ឲ្យមើលទៅគាត់ ព្រោះគាត់នៅឈរចាំលើទូកនោះ ហើយគាត់នឹងជួយទប់ខ្ញុំ បើសិនជាខ្ញុំរអិលជើង។ ខ្ញុំក៏បានធ្វើតាមអ្វីដែលគាត់ប្រាប់ ហើយពេលនេះ ខ្ញុំមានសញ្ញាប័ត្រជំនាញបើកបរទូកក្តោងមូលដ្ឋាន ប្រកបដោយមោទនភាព។
ជាទូទៅ មនុស្សយើងមិនចូលចិត្តប្រថុយនឹងគ្រោះថ្នាក់ទេ។ មនុស្សជាច្រើនមានការស្ទាក់ស្ទើរ មិនហ៊ានបោះជំហានចេញពីកន្លែងស្រណុកស្រួល ព្រោះមិនចង់បរាជ័យ ទទួលរងការឈឺចាប់ ឬខ្លាចខ្មាសគេ។ ប៉ុន្តែ បើសិនជាយើងបណ្តោយឲ្យការភ័យខ្លាចចងរឹតយើងជាប់ នោះយើងមិនអាចធ្វើអ្វីកើតទេ។
គ្រូអធិប្បាយព្រះបន្ទូលជាច្រើន ចូលចិត្តលើកយករឿងលោកពេត្រុសដើរលើទឹក មកអធិប្បាយ ព្រមទាំងរៀបរាប់អំពីការដែលគាត់បរាជ័យ ដោយសារគាត់បានលិចទៅក្នុងទឹក(ម៉ាថាយ ១៤:២២-៣៣)។ ប៉ុន្តែ ខ្ញុំមិនដែលបានឮគេអធិប្បាយ អំពីអាកប្បកិរិយារបស់ពួកសាវ័កដទៃទៀត ពេលពួកគេឃើញលោកពេត្រុសដើរលើទឹកទេ។ ខ្ញុំយល់ថា ក្នុងរឿងនេះ គាត់បានទទួលជ័យជម្នះ។ ព្រោះគាត់បានសម្រេចចិត្តដើរឆ្លងកាត់គ្រោះថ្នាក់ ទៅរកព្រះយេស៊ូវ ទោះជាគាត់មានការភ័យខ្លាចក៏ដោយ។ ប្រហែលជាមានតែអ្នកដែលមិនដែលហ៊ានធ្វើសោះទេ ដែលជាមនុស្សបរាជ័យនោះ។
ព្រះយេស៊ូវបានឆ្លងកាត់គ្រោះថ្នាក់គ្រប់យ៉ាង ដើម្បីយើងរាល់គ្នា។ តើយើងបានត្រៀមខ្លួនប្រថុយនឹងគ្រោះថ្នាក់ ដើម្បីធ្វើអ្វីខ្លះថ្វាយទ្រង់?-Marion Stroud