July 18, 2017

You are here:
តាមរបៀបរបស់ខ្ញុំ

មាន​ក្មេង​តូច​ពីរ​នាក់ កំពុង​លេង​ល្បែង​ដ៏​ស្មុគ្រ​ស្មាញ​មួយ ដោយ​ប្រើ​ចង្កឹះ និង​ខ្សែ។ បន្ទាប់​ពី​លេង​បាន​ពីរ​បី​នាទី ក្មេង​ប្រុស​ដែល​មាន​អាយុ​ច្រើន​ជាង​គេ ក៏​បាន​ងាក​មក​មិត្ត​ភក្តិ​ដែល​លេង​ជា​មួយ​នោះ ហើយ​និយាយ​ដោយ​អំណួត​ថា “ឯង​ធ្វើ​មិន​ត្រូវ​ទេ។ នេះ​ជា​ល្បែង​របស់​ខ្ញុំ ហើយ​យើង​ត្រូវ​លេង​តាម​របៀប​ខ្ញុំ។ ឯង​មិន​អាច​លេង​ទៀត​ទេ!” រឿង​នេះ​បាន​បង្ហាញ​ថា មនុស្ស​យើង​ចង់​ឲ្យ​គេ​ធ្វើ​អ្វី​តាម​ចិត្ត​ខ្លួន តាំង​ពី​នៅ​តូច។ លោក​ណាម៉ាន់​ជា​មនុស្ស​ដែល​ធ្លាប់​តែ​ឲ្យ​គេ ធ្វើ​អ្វី​ៗ​តាម​ចិត្ត​ខ្លួន។ គាត់​ជា​មេ​ទ័ព​របស់​ស្តេច​នៃ​នគរ​ស៊ីរី។ តែ​លោក​ណាម៉ាន់ មាន​ជម្ងឺ​មួយ​ដែល​មិន​អាច​ព្យាបាល​ជា​។​ មាន​ក្មេង​ស្រី​ម្នាក់​ជា​អ្នក​បម្រើ​របស់​ភរិយា​គាត់ ដែល​ជា​ឈ្លើយ​សឹក ដែល​គេ​បាន​នាំ​មក​ពី​នគរ​អ៊ីស្រា​អែល។ មាន​ពេល​មួយ​នាង​បាន​សុំ​ឲ្យ​គាត់​ទៅ​ស្វែង​រក​ការ​ប្រោស​ឲ្យ​ជា ពី​លោក​អេលីសេ ​ដែល​ជា​ហោរា​របស់​ព្រះ។ លោក​ណាម៉ាន់​មាន​ចិត្ត​អន្ទះ​សារ​ចង់​ទទួល​ការ​ប្រោស​ឲ្យ​ជា​ភ្លាម​ៗ តែ​គាត់​ចង់​ឲ្យ​លោក​ហោរា​ធ្វើ​ដំណើរ​មក​រក​គាត់។ គាត់​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​គាត់ ដោយ​មាន​របៀប​របប​ធំ​ដុំ និង​មាន​ការ​គោរព។ ដូច​នេះ ពេល​លោក​អេលីសេ​ប្រាប់​គាត់​ឲ្យ​ចុះ​ទៅ​ងូត​ទឹក​ទន្លេ​យ័រដាន់​ប្រាំ​ពីរ​ដង គាត់​ក៏​មាន​ការ​ខឹង​សម្បារ! គាត់​មិន​ព្រម​ធ្វើ​តាម​ឡើយ(២ពង្សាវតាក្សត្រ ៥:១០-១២)។ ដូចនេះ ​ទាល់​តែ​គាត់​បាន​បន្ទាប​ខ្លួន ហើយ​ធ្វើ​តាម​របៀប​របស់​ព្រះ ទើប​គាត់​បាន​ជា​ពី​ជម្ងឺ​ឃ្លង់(ខ.១៣-១៤)។ យើង​ប្រហែល​ជា​​​ធ្លាប់​ទូល​ព្រះ​ថា “ទូល​បង្គំ​នឹង​ធ្វើ តាម​របៀប​របស់​ទូល​បង្គំ”។ ប៉ុន្តែ របៀប​របស់​ទ្រង់​ជា​របៀប​ដែល​ល្អ​បំផុត​ជា​និច្ច។ ដូច​នេះ ចូរ​យើង​សូម​ឲ្យ​ព្រះ​ប្រទាន​ឲ្យ​យើង​មាន​ចិត្ត​បន្ទាប​ខ្លួន ដើម្បី​នឹង​ស្ម័គ្រ​ចិត្ត​ជ្រើស​រើស​ផ្លូវ​របស់​ទ្រង់ ជា​ជាង​ដើរ​តាម​ផ្លូវ​របស់​យើង។-Marion Stroud

Read article