
ការសរសើរព្រះដ៏មានព្រះជន្មរស់
ដោយMarvin Williams
July 19, 2017
កាលពីឆ្នាំ២០០៥ ពេលដែលអ្នកស្រីរ៉ូសា ផាកស៍(Rosa Parks) ដែលជាវីរនារីទាមទារសិទ្ធិពលរដ្ឋនៃសហរដ្ឋអាមេរិក បានទទួលមរណៈភាព អ្នកស្រីអូប្រាហ វីនហ្វ្រេយ(Oprah Winfrey) បានរាប់ថា ខ្លួនគាត់មានអភ័យឯកសិទ្ធិណាស់ ដែលបានពោលសរសើរអ្នកស្រីរ៉ូសា ក្នុងពិធីបុណ្យសពរបស់គាត់។ អ្នកស្រីអូប្រាហ បានមានប្រសាសន៍អំពីស្រ្តីគំរូម្នាក់នេះ ដែលមិនព្រមងើបចេញពីកៅអីអង្គុយក្នុងឡានក្រុង ដែលគេទុកសម្រាប់ឲ្យបុរសស្បែកសរអង្គុយ នៅឆ្នាំ១៩៥៥។ គឺដូចដែលគាត់មានប្រសាសន៍ថា “ជាញឹកញាប់ ខ្ញុំបានគិតអំពីការដែលគាត់មិនព្រមងើបចេញពីកៅអី ដែលគេទុកសម្រាប់តែជនជាតិស្បែកសរអង្គុយ ដោយគាត់ដឹងថា បរិយ៉ាកាសសង្គមនៅសម័យនោះ មានលក្ខណៈយ៉ាងដូចម្តេច ហើយមានអ្វីខ្លះអាចកើតឡើងចំពោះគាត់។ គាត់បានធ្វើការនេះ ដោយមិនខ្វល់ពីខ្លួនឯង ហើយក៏បានធ្វើឲ្យការរស់នៅមានភាពល្អប្រសើរឡើងសម្រាប់យើងរាល់គ្នា”។ ជាញឹកញាប់ យើងអាចនិយាយសរសើរអ្នកដទៃ នៅពិធីបុណ្យសពរបស់ពួកគេ តែយើងក៏អាចនិយាយសរសើរអ្នកដទៃ នៅកន្លែងផ្សេងទៀតផងដែរ។ ក្នុងបន្ទាត់ដំបូងនៃបទគម្ពីរអេភេសូរ សាវ័កប៉ុលបានពោលសរសើរព្រះដ៏មានព្រះជន្មរស់ថា “សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា”។ គាត់បានប្រើពាក្យ “សូមសរសើរ” ដោយអញ្ជើញពួកជំនុំនៅក្រុងអេភេសូរ ឲ្យចូលរួមជាមួយគាត់ នៅក្នុងការសរសើរដំកើងព្រះ សម្រាប់ព្រះពរខាងវិញ្ញាណគ្រប់ប្រភេទ ដែលមានដូចជា : ព្រះបានជ្រើសរើស ហើយទទួលចិញ្ចឹមពួកគេ, ព្រះយេស៊ូវបានប្រោសលោះ អត់ទោស ហើយក៏បានបើកបង្ហាញពួកគេ ឲ្យស្គាល់អាថ៌កំបាំងនៃដំណឹងល្អ ហើយព្រះវិញ្ញាណក៏បានធានា និងដៅចំណាំពួកគេ។ សេចក្តីសង្រ្គោះដ៏អស្ចារ្យនេះ គឺជាព្រះរាជកិច្ចរបស់ព្រះ និងព្រះគុណរបស់ទ្រង់។ ចូរយើងបន្តផ្តោតគំនិតយើង ទៅលើព្រះពររបស់ព្រះ ដែលមានក្នុងព្រះគ្រីស្ទ ដើម្បីឲ្យចិត្តយើងបានបង្ហូរចេញជាការសរសើរដំកើងដល់ព្រះ ដោយប្រកាសដូចសាវ័កប៉ុលថា “ចូរសរសើរសិរីល្អរបស់ទ្រង់”(១:១៤)។-Marvin Williams
បទគម្ពីរប្រចាំថ្ងៃ
សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណ នៅស្ថានដ៏ខ្ពស់។-ខ.៣