អភ័យឯកសិទ្ធិក្នុងគ្រួសារព្រះ
កាលខ្ញុំនៅរៀននៅសាលាបឋមសិក្សា នៅប្រទេសហ្កាណា ខ្ញុំត្រូវរស់នៅ ជាមួយគ្រួសារមួយដែលមានក្តីស្រឡាញ់ និងការមើលថែរយ៉ាងដិតដល់ នៅឆ្ងាយពីឪពុកម្តាយរបស់ខ្ញុំ។ ថ្ងៃមួយ ក្មេងៗទាំងអស់ត្រូវផ្តុំគ្នា សម្រាប់ការជួបជុំប្រចាំគ្រួសារ។ ជាដំបូង យើងម្នាក់ៗ ត្រូវចែកចាយ អំពីបទពិសោធន៍ផ្ទាល់ៗខ្លួន។ តែបន្ទាប់មក គេក៏បានប្រើពាក្យគួរសម ប្រាប់ខ្ញុំឲ្យចាកចេញពីការជួបជុំនោះ ព្រោះក្នុងវគ្គទីពីរនេះ គេប្រជុំតែជាមួយ “កូនបង្កើត” ប៉ុណ្ណោះ។ ការនេះក៏បានរំឭកខ្ញុំថា ខ្ញុំមិនមែនជា “កូនរបស់គ្រួសារនេះទេ”។ ទោះក្រុមគ្រួសារនេះ មានក្តីស្រឡាញ់ចំពោះខ្ញុំក៏ដោយ ក៏ពួកគេបានតម្រូវឲ្យខ្ញុំនៅក្រៅការប្រជុំរបស់គ្រួសារ ព្រោះខ្ញុំគ្រាន់តែជាអ្នកស្នាក់នៅជាមួយពួកគេប៉ុណ្ណោះ និយាយរួម ខ្ញុំមិនមែនជាផ្នែកមួយនៃគ្រួសារគេឡើយ។ រឿងនេះបានរំឭកខ្ញុំ អំពីបទគម្ពីរយ៉ូហាន ១:១១-១២ ដែលបានចែងថា ព្រះរាជបុត្រានៃព្រះបានយាងចុះមករករាស្រ្តទ្រង់ ហើយពួកគេមិនព្រមទទួលទ្រង់។ ហើយអ្នកដែលទទួលទ្រង់កាលពីសម័យនោះ ក៏ដូចជានៅសម័យបច្ចុប្បន្ន គឺបានទទួលសិទ្ធិធ្វើជាកូនរបស់ព្រះ។ ពេលយើងក្លាយជាកូនចិញ្ចឹមក្នុងគ្រួសារទ្រង់ “ព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ”(រ៉ូម ៨:១៦)។ ព្រះយេស៊ូវមិនបានបណ្តេញនរណាម្នាក់ ដែលព្រះវរបិតាបានទទួលចិញ្ចឹមនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់បានទទួលស្វាគមន៍យើង ឲ្យធ្វើជាផ្នែកដ៏អស់កល្បនៃគ្រួសារទ្រង់។ គឺដូចមានសេចក្តីចែងថា “អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ”(យ៉ូហាន ១:១២)។-Lawrence Darmani
Read article