ការរកឃើញថ្នាំពីនីស៊ីលីន(Penicillin) បានធ្វើឲ្យការព្យាបាលជម្ងឺមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ មុនឆ្នាំ ១៩៤០ ការកើតជម្ងឺឆ្លងបាក់តេរី ច្រើនតែនំាឲ្យបាត់បង់ជីវិត។ តែចាប់តាំងពីពេលដែលគេរកឃើញថ្នាំពីនីស៊ីលីនមក អ្នកជម្ងឺជាច្រើនរាប់មិនអស់ បានរួចជីវិត ដោយថ្នាំនេះបានសម្លាប់បាក់តេរីដ៏កាចសាហាវ ក្នុងខ្លួនពួកគេ។ ក្រុមអ្នកស្រាវជ្រាវដែលបានរកឃើញសក្តានុពលនៃថ្នាំនេះ ហើយបានផលិត សម្រាប់ការប្រើប្រាស់ទូទំាងពិភពលោក ក៏បានទទួលពានរង្វាន់ណូបែលសន្តិភាព ក្នុងឆ្នាំ ១៩៤៥។
អស់រយៈពេលជាច្រើនសតវត្សរ៍ មុនពេលគេរកឃើញថ្នាំពីនីស៊ីលីន មានអ្នកសម្លាប់មេរោគដ៏ស្ងប់ស្ងាត់ដទៃទៀត ដែលកំពុងធ្វើការយ៉ាងសកម្ម ដោយសង្រ្គោះជីវិតមនុស្សដោយបំផ្លាញបាក់តេរីផងដែរ។ អ្នកសម្លាប់មេរោគដ៏ស្ងប់ស្ងាត់នេះ គឺជាកោសិកាឈាមស។ ព្រះទ្រង់បានប្រើពួកវាឲ្យធ្វើការយ៉ាងស្វិតស្វាញ ដើម្បីការពារយើងពីជម្ងឺទាំងឡាយ។ គ្មាននរណាដឹងថា ពួកវាបានបញ្ឈប់ការចូលលុកលុយរបស់ជម្ងឺប៉ុន្មាន ឬបានសង្រ្គោះជីវិតមនុស្សប៉ុន្មាននាក់ទេ។ កាលពីមុន គេមានការទទួលការទទួលស្គាល់ពួកវា តែបន្តិចបន្តួចប៉ុណ្ណោះ សម្រាប់គ្រប់ការល្អដែលពួកវាបានធ្វើ។
យ៉ាងណាមិញ មនុស្សក៏បានប្រព្រឹត្តចំពោះព្រះអម្ចាស់ ដូចនេះផងដែរ។ គេច្រើនតែស្តីបន្ទោសទ្រង់ ពេលដែលមានបញ្ហាអ្វីកើតឡើង តែគេកម្រសរសើរទ្រង់ សម្រាប់ការល្អដែលបានកើតឡើង។ ជារៀងរាល់ថ្ងៃ មនុស្សជាច្រើនក្រោកពីគេង ងូតទឹកស្លៀកពាក់ ធ្វើដំណើរទៅធ្វើការ ឬសាលារៀន ឬផ្សា ហើយក៏ត្រឡប់ទៅផ្ទះវិញ ដោយសុវត្ថិភាព។ គេមិនដឹងថា ព្រះទ្រង់បានការពារពួកគេមិនឲ្យមានគ្រោះថ្នាក់ ប៉ុន្មានដងហើយទេ។ ប៉ុន្តែ ពេលដែលមានសោកនាដកម្មកើតឡើង យើងសួរថា “តើព្រះនៅទីណា?”
ពេលដែលខ្ញុំពិចារណា អំពីការដ៏អស្ចារ្យ ដែលព្រះបានធ្វើ ដោយសម្ងាត់ សម្រាប់យើងជារៀងរាល់ថ្ងៃ (អេសាយ ២៥:១) ការសរសើរដំកើងរបស់ខ្ញុំ មានច្រើនជាងការទូលសូមដល់ទ្រង់។-Julie Ackerman Link