
បិទវាចោលសិន
ដោយCindy Hesskasper
August 23, 2017
កាលកូនៗរបស់ខ្ញុំនៅក្មេង យើងបានធ្វើដំណើរទៅលេងជីដូនជីតាខ្ញុំ នៅតំបន់វីសខុនស៊ីនខាងជើង។ នៅទីនោះ ទូរទស្សន៍របស់ពួកគាត់ចាប់ប៉ុស្តិ៍មិនសូវច្បាស់ ប៉ុន្តែ ទូរទស្សន៍មិនសូវសំខាន់សម្រាប់ពួកគាត់ទេ។ ខ្ញុំក៏បានឃើញស្កុត(Scott) កូនប្រុសខ្ញុំ កំពុងដូរប៉ុស្តិ៍ចុះឡើងៗ ហើយគាត់ក៏សួរខ្ញុំដោយចិត្តនឿយណាយថា “តើឲ្យកូនធ្វើដូចម្តេច បើទូរទស្សន៍នេះមើលបានតែប៉ុស្តិ៍ ដែលមានកម្មវិធីដែលកូនមិនចូលចិត្តមើល?” ខ្ញុំក៏និយាយទាំងញញឹមថា “កូនឯងបិទវាទៅ!” នេះមិនមែនជាយោបលដែលគាត់សង្ឃឹមថា នឹងទទួលពីខ្ញុំឡើយ។ សព្វថ្ងៃនេះ ការធ្វើតាមយោបលមួយនេះ កាន់តែមានការពិបាក ខណៈពេលដែលយើងមានឧបករណ៍ជាច្រើន សម្រាប់កម្សាន្ត ទទួលពត៌មាន និងទំនាក់ទំនង ដែលកំពុងរំខានយើង។ ជួនកាល អ្វីដែលយើងត្រូវធ្វើ គឺគ្រាន់តែបិទឧបករណ៍ទាំងអស់នោះ ហើយសម្រាកគំនិតរបស់យើង មួយរយៈពេលខ្លីសិន និយាយឲ្យខ្លី យើងគ្រាន់តែចាំបាច់ត្រូវ “ដកខ្លួនចេញ” មួយរយៈសិន។ ជាញឹកញាប់ ព្រះយេស៊ូវបានដកខ្លួនចេញ មួយរយៈ ពេលដែលទ្រង់ត្រូវការចំណាយពេលស្ងាត់ស្ងៀមអធិស្ឋាន(ម៉ាថាយ ១៤:១៣)។ ទ្រង់បានលើកទឹកចិត្តពួកសាវ័កទ្រង់ ឲ្យទៅរកកន្លែងស្ងាត់ដោយឡែក មួយរយៈពេលខ្លីផងដែរ(ម៉ាកុស ៦:៣១)។ ការចំណាយពេលស្ងាត់ស្ងៀម ដើម្បីជញ្ជឹងគិត មានប្រយោជន៍សម្រាប់យើងម្នាក់ៗ។ ស្ថិតក្នុងពេលនោះ យើងអាចចូលទៅជិតព្រះ។ ចូរយើងយកគំរូតាមព្រះយេស៊ូវ និងប្រាជ្ញារបស់ទ្រង់។ ចូរដកខ្លួនចេញមួយរយៈ ហើយ “សម្រាកបន្តិចសិន”។ ការធ្វើដូចនេះ មានប្រយោជន៍សម្រាប់រូបកាយ គំនិត និងវិញ្ញាណរបស់អ្នក។ -Cindy Hess Kasper
បទគម្ពីរប្រចាំថ្ងៃ
ចូរអ្នករាល់គ្នាមកឯទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្តិចសិន ពីព្រោះមានគេដើរទៅដើរមកច្រើនណាស់ ដល់ម៉្លេះបានជារកពេលគ្រាន់តែបរិភោគក៏មិនបានផង។-ខ.៣១