ពន្លឺប៉ូលខាងជើង

ខ្ញុំបាន​ជួប​ពន្លឺ​ភ្លឺ​ផ្លេក​ដ៏​កម្រ​មាន​ជា​លើក​ដំបូង ពេល​ខ្ញុំ​រៀន​នៅ​មហា​វិទ្យា​ល័យ។ នៅ​ពេល​យប់​ដ៏​ត្រជាក់ នៅ​រដូវ​រងារ នៅ​ឆ្ងាយ​ពី​ពន្លឺ​ភ្លើង​នៃ​ទី​ក្រុង ខ្ញុំ​បាន​ជិះ​ឡាន​ដឹក​ចំប៊ើង ជា​មួយ​មិត្ត​ភក្តិ​ដ៏​អ៊ូអរ នៅ​ពេល​ដែល​ផ្ទៃ​មេឃ​ចាប់​ផ្តើម​មាន​ពន្លឺ​ភ្លឺ​ផ្លេក ដ៏​គួរ​ឲ្យ​ចង់​ទស្សនា។ ពេល​នោះ​ខ្ញុំ​ក៏​បាន​ថត​ចម្លង​នូវ​អនុស្សាវរីយ​ដ៏​រីក​រាយ​នេះ ទុក​ក្នុង​ចិត្ត​ខ្ញុំ។

ចាប់​តាំង​ពី​ពេល​យប់​នោះ​មក ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​បាតុ​ភូត អូរ៉ូរ៉ា  បូរេលីស ដែល​គេ​ហៅ​ឈ្មោះ​ម្យ៉ាង​ទៀត​ថា ពន្លឺ​នៃ​ប៉ូល​ខាង​ជើង។ ភាគ​ច្រើន គេ​ឃើញ​មាន​ពន្លឺ​នោះ នៅ​តំបន់​ភាគ​ខាង​ជើង នៅ​ឆ្ងាយ​ពី​តំបន់​ដែល​ខ្ញុំ​រស់​នៅ តែ​យូរ​ៗ​ម្តង គេ​ឃើញ​ពន្លឺ​នោះ នៅ​តំបន់​ដែល​មាន​ខ្សែ​បណ្តោយ​ទាប​ជាង​តំបន់​ប៉ូល​។ ពេល​បាន​ឃើញ​ម្តង​ហើយ ធ្វើ​ឲ្យ​ខ្ញុំ​ចង់​មើល​ម្តង​ទៀត។ ពេល​ណា​ខ្ញុំ​​មាន​ឱកាស​ល្អ ខ្ញុំ​ក៏​បាន​និយាយ​ទៅ​កាន់​មិត្ត​ភក្តិ​ខ្ញុំ​ថា “ប្រហែល​ជា​យប់​នេះ យើង​បាន​មើល​ពន្លឺ​នៅ​លើ​មេឃ​នោះទៀត​…”។

ព្រះ​គម្ពីរ​ទាំង​មូល ​ច្រើន​តែ​និយាយ​អំពី​ពន្លឺ និង​សិរីល្អ នៅ​ក្នុង​ការ​ពិពណ៌​នា​អំពី​ការ​យាង​មក​វិញ​នៃ​ព្រះ​អម្ចាស់។ ពេល​ទ្រង់​យាង​មក ពន្លឺ​ថ្ងៃ និង​ពន្លឺ​ដូង​ច័ន្ទ​នឹង​មិន​មាន​ភាព​ចាំ​បាច់​ទៀត​ឡើយ(អេសាយ ៦០:១៩)។ សាវ័ក​យ៉ូហាន បាន​ពិពណ៌នា​អំពី​ព្រះ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ដោយ​ពាក្យ​ថា “ឯ​ព្រះអង្គ​ដែល​គង់​នៅ​នោះ មើល​ទៅ​មាន​ភាព​ដូច​ជា​ត្បូង​មណីជោតិ និង​ត្បូង​ទទឹម ក៏​មាន​ឥន្ទធនូ​នៅ​ព័ទ្ធ​ជុំវិញ​បល្ល័ង ដែល​មើល​ទៅ​ដូច​ជា​ត្បូង​មរកត”(វិវរណៈ ៤:៣)។

ពេល​ខ្ញុំ​ឃើញ​បទ​គម្ពីរ​នេះ​ចែង​អំពី​ពន្លឺ​នៅ​ព័ទ្ធ​ជុំវិញ​បល្ល័ង្ក​ព្រះ ដែល​មើល​ទៅ​ដូច​ត្បូង​មរកត ខ្ញុំ​ក៏​បាន​នឹក​ឃើញ​ពន្លឺ​របស់​ប៉ូល​ខាង​ជើង។​ ដូច​នេះ ពេល​ដែល​ខ្ញុំ​បាន​ឃើញ​ពន្លឺ​ដ៏​រុង​រឿង ដែល​បាន​បង្ហាញ​ឡើង នៅ​លើ​មេឃ មិន​ថា តែ​នៅ​ពេល​បាន​ឃើញ​ផ្ទាល់​ភ្នែក ឬ​ឃើញ​ក្នុង​រូប​ថត ឬ​វីដេអូ​ឡើយ គឺ​ខ្ញុំ​បាន​គិត​ថា វា​ជា​គំរូ​នៃ​ការ​អ្វី​ដែល​ត្រូវ​មក​ដល់ ហើយ​ខ្ញុំ​ក៏​បាន​សរសើរ​ដំកើង​ព្រះ ដែល​សិរីល្អ​ទ្រង់​បាន​ទំលុះ​ចូល​ក្នុង​ភាព​ងងឹត។-Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles