ភ្លៀងនៃការអស្ចារ្យ
ការរស់នៅមានការលំបាក សម្រាប់អ្នកភូមិទាំងឡាយ ដែលរស់នៅតំបន់ភ្នំ ក្នុងខេត្តយូណាននៃប្រទេសចិន។ ប្រភពអាហារជាចម្បងរបស់ពួកគេ គឺមានពោត និងស្រូវ។ ប៉ុន្តែ នៅខែ ឧសភាឆ្នាំ២០១២ មានគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរមួយបានវាយប្រហារតំបន់នោះ ហើយដំណាំទាំងឡាយត្រូវក្រៀមស្វិត។ មនុស្សគ្រប់គ្នាមានការខ្វល់ខ្វាយ ហើយគេក៏បានប្រារព្ធធ្វើពិធីផ្សេងៗ តាមអបីយជំនឿ ដើម្បីបញ្ឈប់គ្រោះរាំងស្ងួតនោះ។ ទោះពួកគេព្យាយាមបុណ្យស្រន់យ៉ាងណា ក៏មិនឃើញមានភ្លៀងធ្លាក់មក បានជាអ្នកភូមិក៏បានចាប់ផ្ដើមស្តីបន្ទោសឲ្យគ្រីស្ទបរិស័ទប្រាំនាក់ នៅក្នុងភូមិនោះថា ពួកគេបានធ្វើឲ្យវិញ្ញាណដូនតាខឹងសម្បារ។ គ្រីស្ទបរិស័ទទាំងប្រាំនាក់នោះបានជួបជុំគ្នាអធិស្ឋាន។ មិនយូរប៉ុន្មាន មេឃក៏ប្រែជាងងឹត ហើយផ្គរលាន់ក៏បន្លឺឡើង។ ភ្លៀងមួយមេធំបានបង្អុរធ្លាក់ចុះមក ចាប់តាំងពីថ្ងៃរសៀលរហូតដល់ពេញមួយយប់។ ដំណាំទាំងប៉ុន្មានក៏ត្រូវបានស្រោចស្រង់! ទោះបីជាអ្នកភូមិភាគច្រើនមិនជឿថា ព្រះទ្រង់បានបង្អុរភ្លៀងឲ្យធ្លាក់ចុះមកក្ដី ក៏មានអ្នកដទៃទៀតបានជឿថា ទ្រង់ពិតជាបានប្រទានទឹកភ្លៀងមែន ហើយក៏មានចិត្តចង់ស្វែងយល់បន្ថែមអំពីព្រះយេស៊ូវ។ នៅក្នុងព្រះគម្ពីរ ១ពង្សាវតាក្សត្រ ជំពូក១៧ និង១៨ យើងឃើញថា មានគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរមួយនៅក្នុងស្រុកអ៊ីស្រាអែល។ ប៉ុន្តែ ក្នុងករណីនោះ យើងដឹងថា គ្រោះរាំងស្ងួតនោះគឺជាការជំនុំជំរះរបស់ព្រះ មកលើរាស្រ្តរបស់ទ្រង់(១៧:១)។ កាលនោះ ពួកគេបានចាប់ផ្ដើមនាំគ្នាថ្វាយបង្គំព្រះបាល ដែលជាព្រះរបស់ពួកសាសន៍កាណាន ដោយមានជំនឿថា ព្រះមួយអង្គនេះអាចចាត់ឲ្យមានភ្លៀងស្រោចស្រប់ផលដំណាំរបស់ពួកគេ។ ក្រោយមក ព្រះទ្រង់ក៏បានប្រើលោកអេលីយ៉ាដែលជាហោរារបស់ទ្រង់ ឲ្យបង្ហាញឲ្យមនុស្សគ្រប់គ្នាបានដឹងច្បាស់ថា ព្រះអង្គគឺជាព្រះពិតតែ១អង្គគត់ ដែលអាចសម្រេច ថាតើភ្លៀងត្រូវធ្លាក់នៅពេលណា។…
Read article