ព្រះ​តម្រង់ផ្លូវ​​ឲ្យ​យើង

កាល​ពី​មួយ​សតវត្សរ៍​មុន បុរស​ម្នាក់់ អាយុ​៤១​ឆ្នាំ ឈ្មោះ អូសវល ឆេមបឺ(Oswald Chambers) បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​អេស៊ីព្ទ ដើម្បី​បម្រើ​ការ​ជា​គ្រូ​បង្រៀន​ព្រះ​បន្ទូល​​របស់​អង្គ​ការ YMCA សម្រាប់​កង​ទ័ព​ចក្រ​ភព​អង់​គ្លេស ​ក្នុង​អំឡុង​សង្រ្គាម​លោក​លើក​ទី​១។ គេ​បាន​រៀប​ចំ​ឲ្យ​គាត់​ទៅ​ធ្វើ​ការ​ក្នុង​ជំរំ​មួយ នៅ​តំបន់​ហ្សេទួន ដែល​នៅ​ភាគ​ខាង​ជើង​ទីក្រុង​ខៃរ៉ូ ​ចម្ងាយ​ប្រហែល ៨​គីឡូ​ម៉ែត្រ។ នៅ​ពេល​យប់​ដំបូង​ដែល​គាត់​បាន​នៅ​ទីនោះ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ១៩១៥ លោក​ឆេមបឺ បាន​សរសេរ ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​គាត់​ថា “តំបន់​នេះ​ពិត​ជា​ទីរហោ​ស្ថាន​ ​នៅ​ក្នុង​ចិត្ត​របស់​កង​ទ័ព ហើយ​ក៏​ជា​ឱកាស​ដ៏​ត្រចះ​ត្រចង់​សម្រាប់​មនុស្ស​ទាំង​ឡាយ​ផង។ ខ្ញុំ​មិន​ដែល​ធ្លាប់​ជួប​​ប្រទះ​អ្វី​ៗ ដែល​មាន​នៅ​ទីនេះ​ពី​មុន​មក​ទេ ហើយ​ខ្ញុំ​កំពុង​តែ​រង់​ចាំ​មើល ដោយ​យក​ចិត្ត​ទុក​ដាក់ ​ចំពោះ​ការ​ថ្មី​ៗ​ដែល​ព្រះ​ទ្រង់​នឹង​ធ្វើ ​ហើយ​រៀប​ចំ។”

លោកឆេមបឺរ​បាន​ជឿ ហើយ​ក៏​បាន​អនុវត្ត​តាម​ព្រះបន្ទូល​ ដែល​មាន​ចែង​ក្នុង​ សុភាសិត ៣:៥-៦ ថា “ចូរ​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង”។

បទ​គម្ពីរ​នេះ​មាន​ការ​កម្សាន្ត​ចិត្ត ហើយ​ក៏​មាន​ការ​ដាស់​តឿន​ផង​ដែរ។ យើង​មាន​សន្តិ​ភាព​ក្នុង​ចិត្ត ពេល​ដឹង​ថា​ព្រះ​អម្ចាស់​នឹង​ដឹក​នាំ​ផ្លូវ​យើង ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ប៉ុន្តែ ​យើង​មិន​ត្រូវ​ងប់​ងល់​នឹង​​ផែន​ការ​របស់​យើង​ខ្លាំង​ពេក ដល់​ថ្នាក់​យើង​ប្រឆាំង​នឹង​ការ​នាំ​ផ្លូវ​ ឬ​ការ​រៀប​ចំ​ពេល​វេលា​របស់​ព្រះ​នោះ​ឡើយ។

លោក​ឆេម​បឺរ​បាន​មាន​ប្រសាសន៍​ថា “យើង​គ្មាន​សិទ្ធិ​សម្រេច​ថា ​ព្រះ​ទ្រង់​គួរ​ដាក់​យើង​ឲ្យ​នៅ​កន្លែង​ណា​មួយ​ឡើយ ហើយ​ក៏​គ្មាន​សិទ្ធិ​ដឹង​ជា​មុន​ថា តើ​យើង​សក្ដិ​សម​នៅ​ទីនោះ​ឬ​ក៏​អត់​។ ព្រះ​ទ្រង់​ជា​វិស្វករ​ដែល​រៀប​ចំ​គ្រប់​ការ​ទាំង​អស់​។ ទោះ​ទ្រង់​ដាក់​យើង​ឲ្យ​នៅ​ទីណា​ក៏​ដោយ ក៏​គោល​បំណង​ធំបំផុត​របស់​យើង គឺ​ត្រូវ​មាន​ការ​ប្ដេជ្ញា​អស់​ពី​ចិត្ត​ថ្វាយ​ដល់​ទ្រង់ ក្នុង​ការ​បំពេញ​កិច្ចការ​ដែល​ទ្រង់​បាន​ឲ្យ​ធ្វើ​នោះ”។-DAVID MCCASLAND

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles